ជនសង្ស័យមានគ្នាជាង១០នាក់បានព្រួតគ្នាស្ទាក់និងវាយទៅលើដៃគូទំនាស់របស់ខ្លួន២ចំនួន២នាក់ បង្កការភ្ញាក់ផ្អើលទាំងយប់នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែធ្នូឆ្នាំ២០២២នេះ​ខណៈដែល ជនរងគ្រោះនាំគ្នាជិះម៉ូតូចេញពីក្លឹបកម្សាន្ត។

ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានចំនួន ០២នាក់គឺ៖

១-ឈ្មោះ ខាន់ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

២-ឈ្មោះ ចាន់ ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំណែកជនសង្ស័យចំនួន ១២នាក់ស្ថិតក្នុងក្រុមដែលមានឈ្មោះថា ឌីអិល(DL) ។សមត្ថកិច្ច ឃាត់ខ្លួន ០៣ រួមមាន៖

១-ឈ្មោះ ឃី កុលវឌ្ឍន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០៥.១២.២០២២)។ កាន់ដំបងឈេី

២-ឈ្មោះ យិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០៥.១២.២០២២)។ កាន់ដែកដងឆ័ត្រ

៣-ឈ្មោះ សាំង សុឌីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនថ្ងៃទី០៥.១២.២០២២)។ កាន់កាំបិតផ្គាក់។ ក្រៅពីនេះជនសង្ស័យបានគេចខ្លួនបាននិងកំពុងស្ថិតនៅក្រាមការប្រមាញ់របស់សមត្ថកិច្ច។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទី០១ បានចេញពីកម្មវិធីខួបកំណើតមិត្តភ័ក្តិនៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅភូមិត្រពាំងទ្រា ឃុំបែកចាន ពេលជិះដល់ចំណុចក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រាប់តែមានបក្ខពួកជនសង្ស័យ កាន់កាំបិតផ្គាក់ ដាវ ដំបង ដែកដងឆ័ត្រ បានដេញវាយទៅលើជនរងគ្រោះ និងកាប់ម៉ូតូជនរងគ្រោះ រងការខូចខាត ហើយជនសង្ស័យក៏ជិះគេចខ្លួនទៅផ្លូវជាតិលេខ៤ ក៏ជួបជាមួយនឹងជនរងគ្រោះទី០២ នៅចំណុចកើតហេតុភូមិបែកចាន ឃុំបែកចាន ដែលកំពុងជិះម៉ូតូចេញមកពីក្នុងក្លិប G21 ផ្លូវវេងស្រេង រាជធានីភ្នំពេញ ទៅបន្ទប់ជួលភូមិស្វាយជ្រុំ ឃុំបែកចាន។ ទើបជនសង្ស័យដេញកាប់ទៅជនរងគ្រោះ បណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ និងខូចខាតម៉ូតូ ០១គ្រឿង ។ បច្ចុប្បន្នជនរងគ្រោះទី០២ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ។

+តាមចម្លើយសារភាព ជនសង្ស័យ ទាំង ០៣នាក់ និងបក្ខពួក បានធ្វើសកម្មភាពដេញកាប់ និងវាយ ទៅលើ ជនរងគ្រោះ ពិតប្រាកដមែន មូលហេតុមានគំនុំជាមួយគ្នា និងដេីម្បីសប្បាយ (កាត់សាញ)។

ចំពោះករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖តាខ្មៅ

Share.