សិល្បៈជាតិ៖ ថ្មីៗនេះ នាងតូច សាពូន ដារ៉ាភិមាន ដែលត្រូវជាកូនស្រីរបស់អ្នកនាង សឿ សុធារ៉ា បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា នាងមានច្ឆន្ទៈក្នុងការចូលប្រឡូកក្នុងវិស័យសិល្បៈសម្ដែង បើទោះបីជាឪពុកមិនពេញចិត្តឱ្យចូលប្រឡូកសិល្បៈក៏ដោយ។

កូនស្រីអ្នកនាង សឿ សុធារ៉ា បានប្រាប់អ្នកសារព័ត៌មានថា នាងពេញចិត្តនឹងចូលប្រឡូកនៅក្នុងវិស័យសិល្បៈសម្ដែង មានពេលខ្លះនាងត្រូវសុំច្បាប់ពីការសិក្សា ដើម្បីទទួលការងារសម្ដែង។ នៅអំឡុងពេលម្ដាយធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នាងតូច សាពូន ដារ៉ាភិមាន បានទទួលការសម្ដែង និង Live នៅលើបណ្ដាញសង្គមបានប្រាក់ ១០០០ ដុល្លារជូនម្ដាយ ដើម្បីសម្រាលថ្លៃព្យាបាលឱ្យម្ដាយថែមទៀត។

នាងតូច សាពូន ដារ៉ាភិមាន លើកឡើងទៀតថា មូលហេតុដែលនាងពុះពារចង់ចូលប្រឡូកក្នុងវិស័យសិល្បៈសម្ដែងនេះ មានហេតុផល ២យ៉ាង​ គឺទី១ ដោយសារតែចិត្តស្រឡាញ់សិល្បៈ និងមានទេពកោសល្យស្រាប់ ហើយទី ២ ព្រោះនាងចង់រកលុយដើម្បីជួយសម្រាលបន្ទុករបស់ម្ដាយ។ កន្លងមកនេះ នាងតូចធ្លាប់ទទួលបានឱកាសពីលោក កៅ សីហា អ្នកដឹកនាំសម្ដែង ក្នុងការបើកទំព័រជីវិតថ្មីឱ្យនាងកាន់តែមានមុខមាត់នៅក្នុងវិស័យសម្ដែងភាពយន្ត ក៏ដូចជាការបើកទីផ្សារឱ្យនាងតូចផងដែរ។

ជាក់ស្ដែងលោក សាពូន មីដាដា មិនចង់ឱ្យកូនស្រីបន្តវេនជាទាយាទក្នុងវិថីសិល្បៈដូចដែលលោក និងប្រពន្ធធ្លាប់ដើរនោះទេ ព្រោះលោកដឹងពីស្ថានភាពផ្លូវអស់ទៅហើយ។ ប៉ុន្តែ ដារ៉ាភិមាន ក្រៅ​ពី​មាន​សម្រស់ស្អាត​កាត់​តាម​អ្នក​ម្ដាយ​ហើយ​នោះ​ ថែម​ទាំង​មាន​ទេពកោសល្យ​​ផ្នែក​តន្ត្រី​ដូច​ជា​ឪពុក​បេះបិទ​ ជាហេតុពិបាកនឹងឃាត់នាងមិនឱ្យចូលប្រឡូកសិល្បៈណាស់។ ភិមាន និយាយថា «កន្លងមកប៉ាធ្លាប់ណែនាំមិនឱ្យចូលសិល្បៈដែរ»។

ថ្មីៗនេះ នាងតូច សាពូន ដារ៉ាភិមាន សប្បាយចិត្តខ្លាំង នៅពេលឃើញម្ដាយរបស់ខ្លួនមានអាការៈល្អប្រសើរឡើងវិញ មិននិយាយភ្លេចមុខភ្លេចក្រោយមុន។ អ្នកនាងតាំងចិត្តថា នាងនឹងខិតខំបន្តការសិក្សា​ឱ្យបានខ្ពង់ខ្ពស់ ហើយឆ្លៀតពេលខ្លះចូលរួមសម្ដែងភាពយន្ត បើមានផលិតករផ្ដល់ឱកាស ព្រោះដើម្បីរកប្រាក់ជូនម្ដាយបន្ថែមទៀត។

អ្នកគាំទ្រពោលសរសើរពីក្មេងស្រីរូបនេះ ដែលមានចិត្តស្រឡាញ់ម្ដាយ និងហ៊ានលះបង់គ្រប់បែបយ៉ាង ធ្វើការងារមិនខ្លាចនឿយហត់ដើម្បីជួយម្ដាយក្នុងការព្យាបាលជំងឺ។ នេះគឺជាកម្លាំងចិត្ត និងច្ឆន្ទៈដ៏មុះមុតរបស់នាងតូច ដារ៉ាភិមាន ៕

Share.