សិល្បៈជាតិ៖ ការ​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) បាន​ចាប់​ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី៥ ខែ​ធ្នូ ឆ្នាំ​២០២២នេះ និងបានបិទបញ្ចប់ការប្រឡងនៅរសៀលថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២នេះ ដោយ​មាន​បេក្ខជន​ចូលរួម​ចុះឈ្មោះប្រឡងទូទាំងប្រទេសចំនួន​ ១២៨,១៣៤នាក់ ដែលក្នុង​នោះ​តារា​វ័យក្មេង​កំពុង​មាន​ប្រជាប្រិយ​ភាព​ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​ក៏​មាន​វត្តមាន​ក្នុង​ការ​ប្រឡង​នេះ​ផង​ដែរ។

១-កញ្ញា អាង សុជាតា ជាតារាសម្ដែងភាពយន្តដ៏មានប្រជាប្រិយភាពខ្លាំង ទោះ​បី​ជា​មាន​ការ​មមាញឹក​នឹង​ការងារ​ថតភាពយន្តជាច្រើនក្ដីនៅក្នុងឆ្នាំនេះ កញ្ញាជាតា នៅតែឆ្លៀត​ពេល​​ដើម្បី​រៀន​ត្រៀមប្រឡង​ដោយ​ខ្លួន​ឯង។ ក្រោយប្រឡងចប់ កញ្ញាបានបង្ហាញស្នាញញឹម និងទឹកមុខសប្បាយចិត្ត ហាក់ដូចជាមានទំនុកចិត្តសរសេរវិញ្ញាសារបានច្រើន។ ហ្វេនអ្នកគាំទ្រមិនតិចនាក់ទេ បាននិយាយជូនពរឱ្យកញ្ញាទទួលបានលិទ្ធផលល្អ គឺប្រឡងជាប់ជាស្ថាពរ។

២-តារាចម្រៀង ពេជ្រ ថៃ គេក៏បានឃើញវត្តមានរបស់តារាចម្រៀងម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលទី ១ ពេជ្រ ថៃ ក៏បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ។ អ្នកគាំទ្រជាច្រើនមិននឹកស្មានដល់ថា តាំងពីប្រឡងចម្រៀងកន្លងមកប៉ុន្មានឆ្នាំនេះ ពេជ្រ ថៃ បានរៀបចប់ថ្នាក់ទី១២ ទៅហើយ។ មហាជនអ្នកគាំទ្រជាច្រើននាក់បានជូនពរ ពេជ្រ ថៃ ឱ្យប្រឡងជាប់ទទួលបាននិទ្ទេសល្អផងដែរ។

៣-កញ្ញា សេក កញ្ចនា ជាតារាមួយដួងដែលរះតាមរយៈបណ្ដាញសង្គម TikTok កញ្ញាចូលចិត្តបង្កើតវីដេអូកំប្លែងសើចសប្បាយ ឱ្យអ្នកទស្សនាផ្ទុះសំណើច។ នៅក្នុងឆ្នាំ២០២២នេះ កញ្ញាមានវ័យ ១៨ ឆ្នាំហើយ កញ្ញាក៏បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះដូចគ្នា។ ក្រោយបញ្ចប់ការប្រឡងនៅរសៀលថ្ងៃទី ៦ ធ្នូនេះ កញ្ញាបានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីទឹកមុខជឿជាក់យ៉ាងខ្លាំង។ កញ្ញាបាននិយាយបែបលេងសើចថា ៖ «ចំណេះដឹង: 0.99% ពាក្យជូនពរ: 99.01%»។ យ៉ាងណាមិញ អ្នកគាំទ្រ និងអ្នកបណ្ដាញសង្គមហ្វេសប៊ុក បានជូនពរឱ្យកញ្ញាប្រឡងជាប់ទទួលនិទ្ទេសល្អសមបំណង។

៤-ប្អូនប្រុសតារាចម្រៀងស្រី សុវត្ថិឌី ធារីកា ក៏បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះផងដែរ។ បើទោះបីជាគ្មានឪពុកម្ដាយជូន និងជួយលើកទឹកចិត្ត ប៉ុន្តែកញ្ញា សុវត្ថិឌី ធារីកា គឺជាកម្លាំងចិត្តឱ្យប្អូនប្រុសតែម្នាក់គត់ដែលប្រឡងនៅវិទ្យាល័យ ជាស៊ីម សន្ធរមុខ។ មុនថ្ងៃប្រឡង តារាចម្រៀងស្រីរូបនេះបាននិយាយជូនពរប្អូនប្រុសថា ៖ « មុនពេលប្រលងទុតិយភូមិនាថ្ងៃស្អែក ប្អូនប្រុសឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។ ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមឱ្យ ដូដូ ប្រឹង តស៊ូប្រលងអោយជាប់ ដើម្បីឱ្យលោកទាំងពីរសប្បាយចិត្ត ជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែន តែអោយកុំរលកមកប៉ះយើងឱ្យដួលតាមទឹក។ សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រលងសញ្ញាបត្រទុតិយភូមិនេះបានលទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង។ស៊ូស៊ូ »។

Share.