សមាជិកសភាឥណ្ឌូនេស៊ីបានអនុម័តជាឯកច្ឆ័ន្ទនូវក្រមព្រហ្មទណ្ឌថ្មីដ៏ទូលំទូលាយមួយកាលពីថ្ងៃ អង្គារ ដែលនឹងដាក់ទោសការរួមភេទមុនការរៀបអាពាហ៍ពិពាហ៍ ឲ្យជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ នេះជាផ្នែកមួយនៃការផ្លាស់ប្ដូរដែលអ្នករិះគន់និយាយថា គំរាមកំហែងដល់សិទ្ធមនុស្ស និង​ សិទ្ធិសេរីភាពនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃ ពុធ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០២២។

ក្រមថ្មីនេះ ក៏អនុវត្តចំពោះជនបរទេស និង អ្នកទេសចរផងដែរ ដោយហាមប្រាមការរួមរស់ជាមួយគ្នាមុនរៀបការ ការក្បត់សាសនា និង ផ្ដល់ទណ្ឌកម្មចំពោះការប្រមាថប្រធានាធិបតី ឬ ការបង្ហាញទស្សនៈផ្ទុយនឹងមនោគមវិជ្ជាជាតិរបស់ឥណ្ឌូនេស៊ីផងដែរ។

សមាជិកសភា លោក Bambang Wuryanto ដែលដឹកនាំគណៈកម្មាការសភាទទួលបន្ទុកកែសម្រួលក្រមសម័យអាណានិគមបាននិយាយថា «យើងទាំងអស់គ្នាបានយល់ព្រមផ្ដល់សច្ចាប័ន លើសេចក្ដីព្រាងច្បាប់នេះ ហើយអាចនឹងត្រូវបានអនុម័តនៅដើមសប្ដាហ៍ក្រោយ»។

ការផ្លាស់ប្ដូរក្រមព្រហ្មទណ្ឌ មិនត្រឹមតែធ្វើឲ្យអ្នកតស៊ូមតិសិទ្ធិមនុស្សព្រួយបារម្ភប៉ុណ្ណោះទេ ដោយបានព្រមានពីសក្ដានុពលរបស់ពួកគេក្នុងការរារាំងសេរីភាពផ្ទាល់ខ្លួន ប៉ុន្ដែក៏មានតំណាងឧស្សាហកម្មទេសចរណ៍ផងដែរ ដែលព្រួយបារម្ភអំពីឥទ្ធិពលសក្ដានុពលរបស់ពួកគេលើវិស័យទេសចរណ៍ផងដែរ។

យ៉ាងណាម៉ិញ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃ អង្គារ រដ្ឋមន្រ្តីទទួលបន្ទុកសិទ្ធិមនុស្ស និង ច្បាប់ លោក Yasonna Laoly បាននិយាយថា វាមិនងាយស្រួលទេ សម្រាប់ប្រទេស ពហុវប្បធម៌ និង ពហុជាតិសាសន៍ ក្នុងការបង្កើតក្រមព្រហ្មទណ្ឌដែល សម្របសម្រួលផលប្រយោជន៍ទាំងអស់។

សូមជម្រាបថា ប្រទេស ឥណ្ឌូនេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមធំជាងគេក្នុងពិភពលោក បានឃើញការកើនឡើងនៃការអភិរក្សសាសនាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈច្បាប់ឥស្លាមតឹងរឹងត្រូវបានអនុវត្តរួចហើយ នៅក្នុងផ្នែកខ្លះនៃប្រទេស រួមទាំងខេត្ត Aceh ជាពិសេសការទទួលទាន់គ្រឿងស្រវឹង និង ល្បែងស៊ីសង គឺត្រូវបានហាមឃាត់ជាដាច់ខាត។ ចំណែកការវាយដំជាសាធារណៈក៏កើតឡើងជាច្រើនផងដែរ ដោយសារតែការស្រឡាញ់ភេទដូចគ្នា និង ការផិតក្បត់ជាដើម៕

ប្រភព៖ CNN

Share.