សិល្បៈជាតិ៖ តារាសិល្បៈជាច្រើនរូបបានចេញមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្រែករកយុត្តិធម៌ជូនជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពាន ជ្រោយចង្វារនៅវេលាម៉ោង ២ រំលង​អាធ្រាត្រ ឈាន​ចូលថ្ងៃទី៥ ខែធ្នូ ដែលជនបង្កបើកបរក្នុងស្ថានភាពស្រវឹងបើបុកជនរងគ្រោះ ក្នុងនោះក៏មានទារកម្នាក់ដែរ។

រហូតមកទល់ពេលនេះ មានការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន​ ២,៥០០ដុល្លា ដោយមិនមានការបង្ខិតបង្ខំ​ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ​ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង​ និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ) ។ ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា​ ហើយ​កម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់ ។

តែយ៉ាងមិញ គេសង្កេតឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានតារាសិល្បៈជាច្រើនរូបប្រតិកម្មស្រែកទាមទារយុត្តិធម៌ជូនជនរងគ្រោះ មិនមែនលុយ ២៥០០ដុល្លារ មិនអាចបញ្ចប់បញ្ហាលើជីវិតមនុស្ស៣នាក់បាននោះទេ។ នៅក្នុងរួមមាន៖

កញ្ញា វ៉ាន់ នីឡា ៖ «ទេ…រឿងបុកគេស្លាប់ហើយបង់លុយចប់រឿងហ្នឹងដូចស្រួលៗម្លេះ ចង់ដឹងថាច្បាប់គេចែងមកបែបនេះមែន ? ខ្ញុំសួរដូចឆោត ព្រោះខ្ញុំវាឆោតមែន . គិតៗទៅគ្មានអីសាហាវជាងមនុស្សទេ អំណាចទឹកប្រាក់ក៏រឹតតែសាហាវ ត្រឹមអាសម្បត្តិលុយ 2500$ លុយពិនហ្នឹងច្រើន ប៉ុន្តែវាគ្មានតំលៃជាងជីវិតមនុស្សទេ។ បន្តទៅ បន្តរឿងផឹកស្រវឹងជោគជាំហើយបើកឡានអាវ៉ាសែបុកគេបង់លុយទៀតចុះ»។

អ្នកនាង ទូច ស្រីល័ក្ខ ៖ «តើជាការពិតដែលរឺទេបើកបរដោយយមានជាតិស្រវឹងជោគជាំ គ្មានភាពទទួលខុសត្រូវសម្ដីនឹងចរិកក្អេងក្អាងមិនខ្លាចនឹងគោរពច្បាប់នៅក្នុងប្រទេសសូម្បីតែបន្តិច បានលឺថា បង់ជាសំណងឱ្យគ្រួសារដែលគ្មានកំហុស ត្រូវបានជនបង្ករបានយកលុយបង់តែ 2500$ រួចបញ្ចប់ក្តី? ជនរងគ្រោះមួយគ្រួសារមិនទាន់ដឹងថា ទារកដ៏តូចថាគ្នារស់នៅក្នុងសភាពបែបណានោះទេ រឺឯម្តាយគ្រួសារក្មេងតូចម្នាក់នេះកំពុងឋិតនៅក្នុងមន្ទីពេទ្យ (ជីវិតមនុស្សបីនាក់ ) នាងខ្ញុំសូមអំពាវនាដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោមេត្តាជួយរកយុត្តិធម៌ដល់គ្រួសាររបស់ទារកក្មេងដ៏កំម្សត់នេះផង ប្រទេសមានច្បាស់ សូមអស់លោកមួយចំនួនតូចបើកបរក្នុងស្ថានភាពស្រវឹង មេត្តាទទួលទានស្រាដោយភាពទទួលខុសត្រូវផង »។

នាយ ពែកមី ៖ «ហេតុអីបានរឿងហេតុមួយចំនួន​ ត្រូវបានរកយុត្តិធម៏បន្ថែម​ ក្រោយល្បីក្នុងហ្វេកប៊ុក​ ? នឹងទាល់តែមានកាអន្តរាគមន៍​ ពីថ្នាក់ដឹកនាំ​ ទើបរកយុត្តិធម៌ឃើញ? សង្ឃឹមថានឹងមានដំណោះស្រាយល្អរជាងនេះ​ អរគុណប្អូន រិទ្ធី​ ដែលខំជួយផ្សាយរហូត​។​ អរគុណថ្នាក់ដឹកនាំ​ ដែលតែងតែស្តាប់យោបល់បងប្អូនក្នុងបណ្តាញសង្គម​ ហើយជួយរកយុត្តិធម៏ជូនប្រជាជនស្លូតត្រង់​ ជាច្រើនករណីកន្លងមក​»។

នាយឃ្លោក ៖ «សូមបងប្អូនជួយស៊ែរអោយក្រុមគ្រួសាររជនរងគ្រោះទទួលបានយុត្តិធម៍ផង​ ​ និង សូមជូនពរក្រុមគ្រួសាររបស់ជនរងគ្រោះ អោយមានសុខភាពល្អ និងបានឆាប់ណា។ ពិតជាខ្លោចផ្សារខ្លាំងណាស់ តើអ្នកសងអ្វី មិនមែនលុយត្រឹម 2500$ យកជីវិតក្រុមគ្រួសាររបស់គេទៅលេងសើចទេ»។

តារាសម្ដែង នូ ឧសភា ៖ «ជីវិតមនុស្សគ្មា​នន័យអីទេ! និយាយត្រង់ម៉ង! រស់នៅមិនគោរពអាយុជីវិតនិងសិទ្ធអ្នកដ៏ទៃអ្នកឯងគ្មានតម្លៃអ្វីទាំងអស់ក្នុងជាតិនេះទោះមានលុយវាល់លានក៏ដោយ!
មុនផុតដង្ហើមនៃជីវិតអ្នកនិងដឹងថាអ្នកចាញ់បោកជីវិតហើយ..ជឿខ្ញុំត្រូវរស់នៅជាមួយស្នាមញញឹមវិញទើបលុយខំរកបានមានតម្លៃ»។

បវរកញ្ញា អែម គុនថង ៖ «ស្អី​គេ​មនុស្ស​ជិត​ស្លាប់ឱ្យ 2500$ រួច​ខ្លួន​ច្បាស់​ស្រុក​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ទេ​មែន​ទេ? ត្រូវ​ឱ្យ​ពួក​គេ​ចេញ​ថ្លៃ​ព្យាបាល​ទាំង​អស់​រហូត​ដល់​អ្នក​រងគ្រោះ​ជា​វិញ​ធម្មតា​បាន​ត្រូវ​ ហើយ​អ្នក​បើកបរ​បើក​ទាំង​ស្រវឹង​ទៀត?»។

លោក សុខ ជំនោរ ៖ «សូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice សូមមេត្តាជួយរកយុត្តិធម៌ក្នុងករណីនេះផងដើម្បីឲ្យជនបង្ករទទួលទោសជាកំហិត និងផ្តល់សំណងអោយបានសមហេតុផលផង បើកបរទាំងស្រវឹង បើកលើសល្បឿនកំណត់ បុកគេរងរបួសធ្ងន់ដោយមានកូនតូចនៅសង្រ្គោះបន្ទាន់ បើកបុកហើយរត់ដោយមានភស្តុតាងទាំងអស់តាមរយៈការឡាយរបស់បងៗអ្នកកាសែត.
ជីវិត​មនុស្ស​មាន​តម្លៃ​ត្រឹម​តែ​ 2500$ នឹង​មែន​ទេ​ ទាំង​ក្មេង​តូច​ដែរ​មិន​ទាន់​ដឹង​អី​នេះ​ នៅ​លោក​ពូ​ម្នាក់​ទៀត​មិន​ទាន់​ដឹង​ថា​រស់​ឬ​ស្លាប់​យ៉ាង​ណា? ជនបង្ករយ៉ាងហោចណាស់ក៏គួរទទួលខុសត្រូវទាំងស្រុងលើការចាយវាយ ថ្លៃមន្ទីរពេទ្យ ការស្នាក់នៅផ្សេងៗ ឲ្យចប់សព្វគ្រប់រហូតទាល់តែពួកគាត់ទាំងបីនាក់ជាសះស្បើយទើបសម សូមកុំឱ្យបញ្ចប់ត្រឹមលុយ 2500$ ហើយជនបង្កររួចខ្លួន»។

បវរកញ្ញា សារី ស្រីពេជ្រ ៖ «ជីវិតមនុស្សមានតម្លៃត្រឹមសំណង 2500$ ហើយចប់រឿងមែនទេ នាងខ្ញុំសូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន រកយុត្តិធម៌អូនតូចដែលជាក្រដាសស និងជាអនាគតទំពាំងស្នងឫស្សី ជាមួយក្រុមគ្រួសារប្អូនផងចុះ»។

សូមជម្រាបបន្ថែមថា រហូតដល់ពេលនេះក្រុមមេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោចំនួន៤រូប បានជួបជាមួយបងស្រីជាជនរងគ្រោះ និងទារក ​ដើម្បីការពារក្តីតាមផ្លូវច្បាប់ដែល​ត្រូវបានរថយន្តបុកបង្ករគ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយឆាប់នេះបងស្រីជនរងគ្រោះនឹងទទួលបានយុត្តិធម៌តាមផ្លូវច្បាប់។

Share.