ទ្វីប​​អាមេរិក​ខាងជើង ឬ​ហៅ​ថា​តំបន់ ​CONCACAF បាន​រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ឬ​ហៅ​ថា​ជុំទី៣ ហើយ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA Worl Cup Qatar ក្រោយ​បញ្ចប់​វគ្គ​ប្រកួត​ជុំទី២ ក្រុម​៣​មាន​កាណាដា, ប៉ាណាម៉ា និង​អែលសាល់វាឌ័រ ជា​ក្រុម​ខ្លាំង ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

ទ្វីប​អាមេរិក​ខាង​ជើង ​មាន​កូតា​ចំនួន​៣កៅអី​កន្លះ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ក្នុង​វគ្គ​៣២​ក្រុម​ចុងក្រោយ មក​ពី​ទ្វីប​នានា​ប្រចាំ​ពិភពលោក​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កាតារ ឆ្នាំ​២០២២​ខាង​មុខ។ ចំណែក​រូប​មន្ត​ប្រកួត​វិញ គឺ​កំណត់​ឱ្យ​ក្រុម​មាន​ចំណាត់​ថ្នាក់ FIFA ខ្ពស់​ជាង​គេ​ក្នុង​ទ្វីប​ចំនួន​៥ អង្គុយ​ចាំ​នៅ​វគ្គ​ជុំទី៣ ហើយ​ប្រទេស​ផ្សេង​ៗទៀត​ត្រូវ​ប្រកួត​​ជម្រុះ​នៅ​វគ្គ​ដំបូង និង​វគ្គ​ជុំទី២​សិន។

ក្រុម​ដែល​ឈរ​ចាំ​នៅ​វគ្គ​ជុំទី៣ ​ទាំង​៦​ក្រុម​មាន ​​ម៉ិចស៊ីកូ (លេខ១១​ពិភពលោក) អាមេរិក (លេខ​២២​ពិភពលោក) កូស្តារីកា (លេខ​៤៦ពិភពលោក) ចាម៉ៃកា (លេខ​៤៨ពិភពលោក) ហុងឌុយរ៉ាស់ (លេខ​៦២​ពិភពលោក)។ ដូច្នេះ​ក្រុម​បន្ថែម​មក​ពី​វគ្គ​ជម្រុះ​ជុំទី២​ប្រចាំ​ទ្វីប​មាន ​កាណាដា, ប៉ាណាម៉ា និង​អែលសាល់វាឌ័រ។

វគ្គ​ជម្រុះ​ជុំទី៣ នេះ​គ្រោង​ធ្វើ​ពី​ខែ​សីហា ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២ ដោយ​​ឱ្យ​ក្រុម​ទាំង​៨ ប៉ះ​គ្នា​ចំនួន២លើក សន្សំ​ពិន្ទុ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​៣ក្រុម​ ត្រូវ​ទទួល​សំបុត្រ​យន្តហោះ​ទៅ​កាតារ ហើយ​ក្រុម​ដែល​នៅ​ឈរ​ចំណាត់​ថ្នាក់​លេខ៤ ត្រូវ​​ចាប់​ឆ្នោត​ទៅ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​តំណាង​ទ្វីប​នានា​ ដែល​មាន​កៅអី​កន្លះ​ដូចគ្នា៕

Telegram-Troryorng
Share.