សិល្បៈជាតិ៖ សំឡេងងឺតងតៗជាសូរសម្រឹបជើងអ្នកធាក់ស៊ីក្លូកាលពី២០ឆ្នាំមុន បានជំរុញឱ្យមានកម្មវិធីបេសកកម្ម «ដើម្បីអ្នក» នេះធ្វើឡើង ដើម្បីចូលរួមបំផុតគំនិតអភិរក្ស និងគាំពារសេវា​ដឹក​ជញ្ជូន និងជាមធ្យោបាយធ្វើដំណើរដ៏មានវ័យចំណាស់មួយនៅកម្ពុជា។

នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២នេះ ផ្សារទំនើបសូរិយាបានរៀបចំកម្មវិធីបេសកកម្ម «ដើម្បីអ្នក» ជាការចូលរួមចែកអំណោយជូនដល់លោកតាស៊ីក្លូចាស់ជរាប្រមាណាជាង ១៥០ នាក់នៅប្រទេសកម្ពុជាក្នុងគោលបំណងអភិរក្ស និងគាំពារស៊ីក្លូជាអត្តសញ្ញាណជាតិខ្មែរ។

យើងដឹងហើយថា ស៊ីក្លូ​ធ្លាប់ជា​សេវា​ដឹក​ជញ្ជូន​ដ៏​ពេញ​និយម​មួយ​នៅ​ទីក្រុង​ភ្នំពេញកាលពីសម័យដើម។​ សព្វថ្ងៃនេះ មុខរបរធ្លាក់ស៊ីក្លូដែលមិនប៉ះពាល់ដល់បរិស្ថាននេះស្ទើរ​តែ​បាត់​បង់ម្ដងៗទៅហើយ ដោយមាន​គូប្រជែង​ដូច​ជា ​ម៉ូតូឌុបនិងម៉ូតូ​កង់បី និងវិបត្តនៃជំងឺកូវីដ១៩ ដែលបាត់បង់ចំនួនភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្តនៅទីក្រុងភ្នំពេញ។

ជាការពិតណាស់ស៊ីក្លូត្រូវបានប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូននិងធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាយើងលើក​ដំបូង​ក្នុង​ឆ្នាំ​១៩៣៦​ សម័យ​អាណានិគម​បារាំង​ស្រករ​គ្នា​នឹង​រ៉ឺម៉ក​ប្រើ​កម្លាំង​ជើង​ដែរ​។ ដោយសារប្រទេសយើងកាន់តែទំនើប គ្រប់គ្នាមានឡាន ម៉ូតូ កង់ ជាយាន្តជំនិះ ជំនួសការជិះស៊ីក្លូ រហូតដល់សព្វថ្ងៃនេះមិនសូវមានអ្នកហៅស៊ីក្លូវជិះប៉ុន្មានទេ។ ទើប​សមាគម​អភិរក្ស​ស៊ីក្លូ ​និង​មុខរបរ​ក្រៅ​ប្រព័ន្ធ បានធ្វើការងារគាំពារស៊ីក្លូខ្មែរតាមរយៈ សេវា​ទេស​ចរណ៍ ​ស៊ីក្លូ​ទេស​ចរណ៍ ដើម្បីឱ្យអ្នកធាក់ស៊ីក្លូមានចំណូលឡើងវិញ។

លោកស្រី លោកស្រី ជា សុខហៀក បច្ចុប្បន្នជាអគ្គនាយិកាផ្សារទំនើបសូរិយា Center Point ផ្សារទំនើបរតនាផ្លាហ្សា និងជាអគ្គនាយកនៃផ្សារទំនើបអូឡាំព្យា បានលើកឡើងថា ការធ្វើកម្មវិធីបេសកកម្ម «ដើម្បីអ្នក» ជាកម្មវិធីសប្បុរសធម៌មួយ ដែលប្រមូលនូវរបស់របរចាស់ៗមនុស្សឈប់ប្រើប្រាស់ មកច្នៃប្រឌិត និងបរិច្ចាគជូន អ៊ំៗពូៗធ្លាក់ស៊ីក្លូ។ កម្មវិធីនេះជាផ្នែកមួយនៃការរួមចំណែកថែរក្សាបរិស្ថាន និងជាសកម្មភាពផ្សាភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បធម៌។

លោកស្រីបន្តថា កាលពី ២០ឆ្នាំមុន លោកស្រីធ្លាប់អាស្រ័យមធ្យោបាយស៊ីក្លូធ្វើដំណើរទៅសាលា និងផ្សារជាដើម។ លោកស្រីមិនចង់ឃើញស៊ីក្លូខ្មែរយើងបាត់បង់អ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃនោះទេ។ បេសកកម្ម «ដើម្បីអ្នក» គឺជាផ្នែកចូលរួមចំណែកបំផុសគំនិតអភិរក្ស និងគាំពារស៊ីក្លូខ្មែរ ដែលអ្នកប្រកបអាជីពនេះកំពុងតែរស់នៅមានជីវភាពត្រដាបត្រដួស។ លោកស្រីអំពាវនាវឱ្យក្រុមហ៊ុន App ទូរស័ព្ទដៃប្រើប្រាស់ការហៅមធ្យោបាយធ្វើដំណើរ ជួយសម្លឹងឃើញពីស៊ីក្លូរបស់ខ្មែរយើង ព្រោះបើគ្មានអ្នកហៅជិះទេ ស៊ីក្លូខ្មែរយើងនឹងបាត់បង់នៅថ្ងៃណាមួយជាក់ជាមិនខាន។

លោកស្រីអរគុណដល់អ្នកសប្បុរសធម៌ និងអ្នកឧបត្ថម្ភទាំងអស់ដែលបានរួមចំណែកក្នុងកម្មវិធី បេសកកម្ម «ដើម្បីអ្នក» ហើយកម្មវិធីនេះមិនបិទបញ្ចប់ត្រឹមនេះទេ យើងនឹងបន្តធ្វើនៅឆ្នាំក្រោយៗថែមទៀត ដើម្បីបំពេញតម្រូវការអ្នកដែលកំពុងខ្វះខាតពិតៗឱ្យទទួលបានអំណោយសប្បុរសធម៌នេះ។

Share.