ភ្នំពេញ ៖ ទីតាំងលួចបើកបនល្បែងសុីសងគ្រប់ប្រភេទ មួយកន្លែងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនចុះបង្ក្រាប ឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១២នាក់ ដកហូតបានសម្ភារៈជាច្រើនទៀត កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១២នាក់ ប្រុស៦នាក់ ស្រី៦នាក់ ក្នុងនោះជនជាតិចិនចំនួន៤នាក់ ដកហូតវត្ថុតាងមួយចំនួនធំ មានទូហ្គេមបាញ់ត្រី៤គ្រឿង , ទូហ្កេមតុក្កតា១២គ្រឿង , តុលេងបាក្រាត ចំនួន០២ , ទូរសព្ទ ១១គ្រឿង , កុំព្យូទ័រលើតុ ចំនួន១គ្រឿង , ម៉ាសុីនគិតលេខ ១គ្រឿង , ម៉ាសុីនរាប់លុយ ១គ្រឿង , បៀក្រដាស និង កាក់សម្រាប់លេងបាញ់ត្រីមួយចំនួនធំទៀតផងដែរ ។

ក្រោយប្រតិបត្តិការនោះ វត្ថុតាង ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅសាលាខណ្ឌចំការមន ចំណែកមនុស្សទាំង១២នាក់ ត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ហើយទីតាំងបនល្បែងត្រូវបានបិទជាបណ្តោះអាសន្ន ៕

អត្ថបទ៖តាតុង សែនជ័យ

Share.