ទីភ្នាក់ងារភូគព្ភសាស្រ្តរបស់ប្រទេស​ ឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើខេត្តជ្វាខាងលិច នាថ្ងៃ ព្រហស្បតិ៍ នេះ ដោយបានជំរុញឲ្យអ្នកស្រុកនៅតំបន់ក្បែរនោះចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទាំងភ័យស្លន់ស្លោ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២។

ទីភ្នាក់ងារនេះបាននិយាយថា ការរញ្ជួយដីដែលមានចំណុចកណ្ដាល ២២គីឡូម៉ែត្រ ពីទីក្រុង Sukabumi មិនបានបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ ហើយមានជម្រៅរញ្ជួយទៅក្នុងដី ១០៤គីឡូម៉ែត្រ។ អ្នកស្រុកជាច្រើននាក់បានរត់ចេញពីផ្ទះក្នុងទីក្រុង Sukabumi ខណៈរញ្ជួយដីនេះក៏បានបង្កការរំញ័រទៅដល់រដ្ឋធានីហ្សាកាតា និង តំបន់ក្បែរខាងផងដែរ។

លោក Abdul Muhari មន្រ្តីនៅទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានប្រាប់សារព័ត៌មាន Reuters ថា រហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាត ឬ មានអ្នករងរបួសនៅឡើយទេ ប៉ុន្ដែនឹងបន្ដវាយតម្លៃពីស្ថានភាពនេះបន្ដទៀត។

កាលពីខែ វិច្ឆិកា គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារទីក្រុង Cianjur នៃខេត្ត ជ្វាខាងលិច នេះផងដែរ ដោយបានផ្ដាច់ជីវិតមនុស្សជាង ៣០០នាក់ និង បង្កការខូចខាតដល់លំនៅដ្ឋានរបស់ប្រជាជននរាប់ពាន់ខ្នង។

សូមជម្រាបថា ប្រទេស ឥណ្ឌូនេស៊ី ជាប្រទេសស្ថិតនៅលើបន្ទាត់ Ring of Fire ដែលជាតំបន់សកម្មរញ្ជួយដីខ្លាំង ដែលខ្សែបន្ទាត់ផ្សេងៗគ្នានៅលើសំបកផែនដីជួបប្រជុំគ្នានៅចំណុចនោះ ហើយឥណ្ឌូនេស៊ីមានប្រវត្តិនៃការរញ្ជួយដី ដោយបានសម្លាប់មនុស្ស និង បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ជាញឹកញាប់៕

ប្រភព៖ CNA

Share.