ក្រសួងសុខាភិបាលនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២២នេះ បានចេញសេចក្តីសម្រេច បិទមន្ទីរសំរាកព្យាបាល «ដើមអង្ក្រង» ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមរយៈសេចក្តីសម្រេចរបស់ខ្លួន ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា៖បិទ និងដកហូតលិខិតអនុញ្ញាតឲ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ដើមអង្ក្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេង គ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។

បើតាមក្រសួងសុខាភិបាល ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសំរាកព្យាបាល ដើមអង្ក្រង និង អ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្ក្រងនេះ ធ្វើឡើងបន្ទាប់ពីមានករណីស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្ក្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្ក្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាល បន្តនៅរាជធានីភ្នំពេញ។

ក្រោយមកស្ត្រីជាអ្នកជំងឺត្រូវបានទទួលការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យរួមទាំងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលផងដែរ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ស្ថានភាពស្ត្រីរងគ្រោះនៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៅឡើយដោយសារតែអាការធ្ងន់ធ្ងរនៅពេលដែលនាងទទួលការព្យាបាលនៅមន្ទីរពេទ្យឯកជន៕

Share.