សិល្បៈជាតិ៖ ខណៈដែលបេក្ខនារីតំំណាងប្រទេសកម្ពុជា កញ្ញា ប៉ុន សុរ៉ាវត្តី បានប្រកាសដកខ្លួនចេញ កម្មវិធី Miss Planet International នៅប្រទេសអូហ្គង់ដា ក៏ត្រូវបានលុបចោលដូចគ្នា។ ប៉ុន្តែកម្មវិធីនឹងត្រលប់មករៀបចំនៅប្រទេសកម្ពុជាវិញ ដោយកំណត់កាលបរិច្ឆេទប្រកួតនៅដើមឆ្នាំ ២០២៣ខាងមុខនេះ ចំណែកបេក្ខនារីតំណាងប្រទេសកម្ពុជាថ្មីមួយរូបទៀត បានប្រកាសជាផ្លូវការរួចរាល់។ តើម្ចាស់តំណែង MPC 2022 នឹងត្រូវធ្លាក់ទៅលើដៃនារីរូបស្រស់ម្នាក់ណា?
យោងតាមការសេចក្ដីប្រកាសផ្លូវការពីផេកផ្សព្វផ្សាយកម្មវិធី Miss Planet International (MPI) បានប្រកាសនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នេះថា កញ្ញា ពក ស្រីល័ក្ខ ត្រូវបានតែងតាំងជាបេក្ខនារី MPC 2022 តំណាងឱ្យប្រទេសកម្ពុជាសម្រាប់ការប្រលងនាពេលខាងមុខនេះ។
តាមដឹង កញ្ញា ពក ស្រីល័ក្ខ បច្ចុប្បន្នមានវ័យ ២២ឆ្នាំ។ កញ្ញាអាចប្រើប្រាស់បាន ២ភាសា គឺជាភាសាខ្មែរ និងភាសាអង់គ្លេស។ កញ្ញាមានដើមកំណើតនៅខេត្តកណ្ដាល។ បច្ចុប្បន្ន កញ្ញាជានិស្សិតសិក្សានៅសកលវិទ្យាល័យធនធានមនុស្ស។
បេក្ខនារីរូបនេះគឺជាតារាបង្ហាញម៉ូដអាជីពនៅក្នុងប្រទេសកម្ពុជា បន្ថែមពីលើនោះកញ្ញាក៏ធ្លាប់មានបទពិសោធចូលរួមការប្រកួតយ៉ាងជោគជាំផងដែរ ក្នុងនោះកញ្ញាធ្លាប់ចូលរួមការប្រកួត Miss World Cambodia 2020 កម្មវិធី Miss Grand Cambodia 2021 កម្មវិធី Miss Universe Cambodia 2021 កម្មវិធី Miss Universe Cam bodia 2022 ។
សរុបជាលទ្ធផល ស្រីល័ក្ខ តែងតែទទួលបានចំណាត់ថ្នាក់ល្អជាមួយនៅគ្រប់ការប្រកួតដែលមានវត្តមានរបស់កញ្ញា ដូច្នេះកញ្ញានឹងមានវត្តមានតំណាងឱ្យកម្ពុជានៅក្នុងការប្រកួត Miss Planet International 2022 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ បងប្អូនដែលជាអ្នកស្រលាញ់វិស័យប្រកួតសម្រស់សូមចូលរួមផ្សព្វផ្សាយ និងលើកកម្លាំងចិត្តដល់បេក្ខនារីកម្ពុជាយើង ដើម្បីឱ្យកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរមួយនេះមានឈ្មោះបោះសំឡេងស្មើមុខស្មើមាត់នឹងកម្មវិធីប្រកួតសម្រស់នានា៕