សមាជិករបស់ក្រុម Real Madrid ខ្សែប្រយុទ្ធ Eden Hazard បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងវ័យ៣១ឆ្នាំ បន្ទាប់ពីធ្លាក់ចេញត្រឹមវគ្គចែកពូល នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។

Eden Hazard បានថ្លែងដូច្នេះថា៖«សូមអរគុណ ចំពោះការគាំទ្រ សម្រាប់សេចក្ដី​​រីក​រាយទាំងអស់ ដែលបានចែករំលែកជាមួយ​គ្នា តាំងពីឆ្នាំ២០០៨ មក។ ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពអន្តរជាតិរបស់ខ្ញុំហើយ​។ កិច្ច​ការបន្ទាប់ គឺត្រៀម​រួចរាល់ហើយ។ ខ្ញុំនឹងនឹកអ្នកទាំង​អស់​គ្នា​ជាមិន​ខាន​»។

ក្រុមជម្រើសជាតិ​បែលហ្ស៊ិក​បាន​បង្ហោះ​សារ​ថា​៖«​សូម​សំណាង​ល្អ!​ ប្រធាន​ក្រុម​»។

កីឡាករ Hazard ដែលលេងជាខ្សែបម្រើប្រយុទ្ធ ដោយបង្ហាញខ្លួនលើកដំបូងឱ្យ​ក្រុមបែលហ្ស៊ិក ក្នុងឆ្នាំ២០០៨ ក្នុងនាម​ជា​កីឡាករវ័យក្មេងម្នាក់ ហើយរូប​គេបង្ហាញខ្លួននៅជម្រើសជាតិ ចំនួន១២៦ដង ដោយស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ និងបញ្ជូនបាល់មិត្តរួមក្រុមស៊ុតបញ្ចូលទី ៣៦ដង។

រឿងរ៉ាវគ្រប់យ៉ាងកើតឡើងបន្ទាប់ពីក្រុមជម្រើសជាតិបែលហ្ស៊ិក ធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូល World Cup 2022 ជាលើកដំបូងក្នុងរយ:ពេល១៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៨។

ភ្លាមៗក្រោយការប្រកួតលោក Roberto Martinez គ្រូបង្វឹក បែលហ្ស៊ិក បានលាឈប់ពីតួនាទីជាគ្រូបង្គោលជម្រើសជាតិបែលហ្ស៊ិក ក្រោយក្រុមនេះធ្លាក់ត្រឹមវគ្គចែកពូល FIFA World Cup 2022៕

Share.