ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​បញ្ចប់​ហើយ ក្រោយ​ប្រកួត​តាំង​ពី​​ខែ​មីនា ដើម​ឆ្នាំ​មក ស្រប​ពេល​ដែល​​លទ្ធផល​ជា​ចុងក្រោយ​ជើង​ឯក​បាន​ទៅ​ភ្នំពេញក្រោន ខណ:វិសាខាជើងឯករង ព្រះខ័នរាជស្វាយរៀងលេខ៣ និងបឹងកេតលេខ៤។

កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាប្រតិបត្ដិក្លិបបាល់ទាត់​វិសាខា បានថ្លែងលើគេហទំព័រហ្វេសប៊ុកដូច្នេះថា​៖«ថ្ងៃនេះជាថ្ងៃដែលខ្ញុំចាត់ទុកថាបិទសម័យកាលលីគកំពូលកម្ពុជារដូវកាល២០២២។ អារម្មណ៍ខ្ញុំពេលនេះគឺពិបាកនឹងបរិយាយបន្តិច។ រាល់ភាពសប្បាយរីករាយ រាល់ការឈឺចាប់ ភាពឡើងចុះនៃលទ្ធផល រាល់ពេលមិនបានគេង រាល់ពេលប្រកួតហាលក្ដៅឬហាលភ្លៀង រាល់ប្រកួតឈ្នះចាញ់ឬស្មើ ខ្ញុំតែងតែប្រាប់ខ្លួនឯងថាយើងនៅតែមានសង្ឃឹម។»

«ភាពជាកីឡាគឺធំធេងណាស់ ជាងភាពជោគជ័យទៅទៀត។ សម្រាប់ពេញមួយរដូវកាលនេះ មានអ្នកដែលខ្ញុំគោរព និងបុគ្គលមួយចំនួនបាត់បង់ការគោរពពីខ្ញុំ។ គ្រួសារវិសាខា បានបំពេញបេសកកម្មគ្រោងតំណែងជើងឯក ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន៣សម័យកាលជាប់ៗគ្នា ឆ្នាំ២០២០ ២០២១ ២០២២។ យើងនឹងបន្តបេសកកម្មនេះទៅរដូវកាលក្រោយៗទៀត។ ចំណែកឯពានរង្វាន់លីគកំពូលកម្ពុជា គឺយើងទទួលបានជ័យលាភីលេខ២ ជាមួយនឹងពិន្ទុ៥២ពិន្ទុ ក្រោយបញ្ចប់សប្ដាហ៍ទី២៧»។

«ជោគជ័យទាំងនេះ គឺមានការរួមចំណែកពីក្រោយខ្នង ពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំទាំងអស់ ជាពិសេសគឺលោកជំទាវប្រធានក្លិប។ ក្រុមការងារគ្រូនិងកីឡាករ បានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធនៅលើទីលាន និងនាំយកភាពជោគជ័យនានា មកជូនក្លិប។ នាងខ្ញុំសូមថ្លែងអំណរគុណដល់លោកជំទាវប្រធានក្លិប កែ សួន សុភី ដែលតែតែឈរក្បែរកីឡាករទោះឧបសគ្គលំបាកយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក កីឡាករ ដៃគូរសហការឧបត្ថម្ភ និងងអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រនិងលើកទឹកចិត្តពួកខ្ញុំក្នុងកាល:ទេស:ណាក៏ដោយ ចាប់តាំងពីថ្ងៃបើក ដល់ថ្ងៃបិទរដូវកាល»។

គួរដឹងថា កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកា​​​ក្លិប​បាល់ទាត់​វិសាខា សមាជិក​លីគ​​កំពូល​​កម្ពុជា ធ្លាប់ទទួល​បាន​ឱកាស​ទៅ​សិក្សា​វគ្គ«គ្រប់គ្រង​បាល់ទាត់ – Football Management នៃ​ UEFA Academy» នៅ​ប្រទេស​ស្វីស រយៈ​ពេល​១ឆ្នាំ​ ខណៈ​នេះ​​កញ្ញា ជា​ស្រ្តី​ជនជាតិ​ខ្មែរ​ដំបូង​បង្អស់​ដែល​​បាន​សិក្សា​​ផ្នែក​គ្រប់គ្រង​បាល់ទាត់​នេះ។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​ក្លិប​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា បញ្ជូន​ថ្នាក់​ដឹកនាំ​ក្លិប ចូលរួម​សិក្សា​ផ្នែក​គ្រប់គ្រង​បាល់ទាត់​នៅ ឯ​ប្រទេស​ស្វីស ខណៈ​​ដែល​លោក លី ហ៊ាង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ឆ្លងកាត់​វគ្គ​សិក្សា​នេះ​ដោយ​ជោគជ័យ នៅ​ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ៕

Share.