សិល្បៈជាតិ៖ ថ្មីៗនេះសារព័ត៌មានត្រយងបានទទួលដំណឹងមកថា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​សម្តែង និងពិធីករ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារ ១០ខែ ពីបទបរិហារបង្កាច់កេរ្តិ៍។

ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ San Prum បានបង្ហោះរៀបរាប់នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២នេះថា តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និងពិធីករ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ( និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។ ហើយបង្គាប់ឲ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ ។

ប្រភពបានបន្តថា សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំណាងឲ្យដើមបណ្តឹង រដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកាសជាសាធារណៈ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទុកសិទ្ធិឲ្យប្តឹងទាស់ និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់ ។

ក្រោយទទួលបានដំណឹងនេះ សារព័ត៌មានត្រយងបានព្យាយាមសុំសម្ភាសបំភ្លឺពីលោក ប៉ែន ចំរុង បន្ថែមទៀតពីករណីខាងលើនេះមកជម្រាបជូនមហាជន ប៉ុន្តែលោកបាននឆ្លើយតបថា លោកវរល់ដោះស្រាយបញ្ហាបន្ទាន់ មិនអាចបកស្រាយឬនិយាយអ្វីបាននាពេលនេះ។ យ៉ាងណាមិញ មហាជនរពឹងថា លោក ប៉ែន ចំរុងនឹង​មាន​ការ​ចេញ​មុខ​បំភ្លឺ​ពី​សាមីខ្លួន​លោក ប៉ែន ចំរុង ឆាប់ៗ​នេះ៕

Share.