សិល្បៈជាតិ៖ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាត្រូវបានប្រារព្ធឡើងប្រកបដោយភាពជោគជ័យចំនួនប្រាំបីលើករួចមកហើយ ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការ វិទ្យាស្ថាន យុវជន និងប្រជាពលរដ្ឋខ្មែជាច្រើនកុះករ។

ក្នុងឆ្នាំ២០២២នេះ គណៈកម្មការនៃពិព័រណ៍សៀវភៅកម្ពុជាបានមូលមតិគ្នាជាឯកច្ឆន្ទ ដើម្បីប្រារព្ធពិព័រណ៍នេះម្តងទៀតដែលជាលើកទី៩ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ដោយនឹងប្រព្រឹត្តទៅចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី៩ រហូតដល់ ថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ នៅឯបណ្ណាល័យជាតិ។

នាព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារនៃពិព័រណ៍សៀវភៅកម្ពុជា បានរៀបចំការបើកសម្ពោធជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដោយក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងវត្តមានរបស់លោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់អ្នកតំណាងមកពីស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា សម្រាប់ស្តង់សៀវភៅក្នុងឆ្នាំនេះ មានរហូតដល់ ១៩៩ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ភផ្សាយល្បីៗជាច្រើន រហូតដល់ ១២៩ស្ថាប័ន ដូចជា ស្រឡាញ់សៀវភៅ, Mindbooks, AZ Bookstore, គ្រឹះស្ថានបោះពុម្ពផ្សាយ ដាំដើមជីវិត, Heartbooks, កូនចាបមាស, DJ Nana អាន…ជាដើម។ ចំណែកឯប្រភេទសៀវភៅមានគ្រប់ប្រភេទដែលបានដាក់តាំងលក់តាមស្ដង់នីមួយៗ មានដូចជា សៀវភៅបែបប្រលោមលោក សៀវភៅអភិវឌ្ឍន៍ខ្លួន សៀវភៅប្រវត្តិសាស្រ្ត-នយោបាយ សៀវភៅសម្រាប់កុមារ ជាដើម។ អ្វីដែលកាន់តែពិសេសនោះ តាមស្ដង់នីមួយៗ មានការបញ្ចុះតម្លៃពិសេស និងកាដូពិសេសផងដែរទៅតាមភាពជាក់ស្ដែង។

មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ក៏មានសកម្មភាពលេងល្បែងកំសាន្តសម្រាប់កុមារតូចៗ ដូចជាការគូរគំនូរ ការនិទានរឿងសម្រាប់កុមារជាលក្ខណៈក្រុម និងសកម្មភាពផ្សេងៗទៀតជាច្រើន។ ចំណែកនៅពេលល្ងាចវិញ ក៏មានការប្រគំុតន្ត្រី ដែលចូលរួមសម្ដែងដោយតារាចម្រៀង និងក្រុមវង់ភ្លេងតន្ត្រីល្បីៗ ហើយថែមទាំងមានជាការសម្តែងសិល្បៈបុរាណខ្មែរផងដែរ។

Share.