ក្រោយចប់បេសកកម្មប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំទល់នឹងជម្រើសប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរមកដល់កម្ពុជាវិញហើយនៅថ្ងៃនេះដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។

ការជួបគ្នាប្រកួតមិត្តភាពទល់នឹងម៉ាឡេស៊ីលើកនេះគឺជាលើកទី ៩ហើយក្នុងជំនួបប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយកន្លងមកកម្ពុជាមិនដែលឈ្នះម៉ាឡេស៊ី ដោយបានត្រឹមស្នើក្នុងលទ្ធផល ១-១ ម្ដងប៉ុណ្ណេះនៅឆ្នាំ២០០០។

ចំពោះលទ្ធផលជំនួបកាលពីល្ងាចម៉ោង ៨:០០នាទីម្សិលមិញ លើទីលានកីឡដ្ឋាន Bukit Jalil ក្នុងទីក្រុងកូឡាឡាំពួរ កម្ពុជាបានទទួលបរាជ័យក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះម៉ាឡេស៊ីក្នុងលទ្ធផល ៤-០។ គ្រាប់បាល់ទាំង៤ របស់ម៉ាឡេស៊ី រកបានដោយកីឡាករ Faisal Halim ២គ្រាប់ កីឡាករ Lee Tuck ១គ្រាប់ និងកីឡាករ Stuart Wilkin ១គ្រាប់។

ជំនួបប្រកួតមិត្តភាព ៨លើកកន្លងមក៖

១-នៅឆ្នាំ១៩៥៧៖ ម៉ាឡេស៊ី ៣-១ កម្ពុជា ប្រកួតមិត្តភាព
២-នៅឆ្នាំ២០០០៖ ជួបគ្នាចំនួនពីរលើក៖ លើកទី១ ម៉ាឡេស៊ីឈ្នះក្នុងលទ្ធផល ២-០ លើកទី២ ស្នើគ្នា ១-១ ប្រកួតមិត្តភាព
៣-នៅឆ្នាំ២០០២៖ ម៉ាឡេស៊ី ៥-០ កម្ពុជា ប្រកួតមិត្តភាព
៤-នៅឆ្នាំ២០០៧៖ ម៉ាឡេស៊ី ៦-០ កម្ពុជា ប្រកួតមិត្តភាព
៥-នៅឆ្នាំ២០១២៖ ម៉ាឡេស៊ី ៣-០ កម្ពុជា ប្រកួតមិត្តភាព
៦-នៅឆ្នាំ២០១៤៖ ម៉ាឡេស៊ី ៤-១ កម្ពុជា ប្រកួតមិត្តភាព
៧-នៅឆ្នាំ២០១៨៖ កម្ពុជា ១-៣ ម៉ាឡេស៊ី ប្រកួតមិត្តភាព

កម្ពុជា នឹងត្រូវប្រកួតបើកឆាក គោព្រៃកម្ពុជា នឹងត្រូវជួប ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៧:០០នាទីយប់ ក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ដោយស្ថិតក្នុងពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រ៊ុយណេ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕

Share.