អ្នកកាសែតបាល់ទាត់លោក Grant Wahl សញ្ជាតិអាមេរិក បានទទួលមរណភាពនៅវ័យ៤៩ឆ្នាំ បន្ទាប់ពីគាំងបេះដូង នៅឯកីឡដ្ឋាន Lusail ដែលជាកន្លែងដែលរូបគេកំពុងវិភាគអំពីការប្រកួត World Cup វគ្គ៨ក្រុមចុងក្រោយ ជំនួបរវាងអាហ្សង់ទីន និងហូឡង់ ម៉ោងបន្ថែម១៥នាទី២ដង។

លោក Grant Wahl គឺជាអ្នកវិភាគបាល់ទាត់របស់ក្រុមហ៊ុន CBS Sports របស់ប្រទេសអាមេរិក និងជាអ្នកសរសេរព័ត៏មានកីឡា នៅលើគេហទំព័រ Substack ដ៏ពេញនិយម ហើយរូបគេក៏ជាអ្នកនិពន្ធសៀវភៅ The Beckham Experiment ផងដែរ។

យោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ គឺលោក Grant Wahl មិនស្រួលខ្លួនតាំងពីមុនការប្រកួតចាប់ផ្តើម ប៉ុន្តែរូបគេសុខចិត្តមិនឈប់សម្រាកឡើយ ដោយចាត់ទុកថាជំនួបរវាងអាហ្សង់ទីន និងហូឡង់ ជាការប្រកួតធំមិនអាចអត់បាន ពោលគឺរូបគេបានសំណូមពរឲ្យគ្រូពេទ្យជួយព្យាបាលនៅក្នុងកីឡដ្ឋានជំនួសវិញ។

អំឡុងម៉ោងបន្ថែម១៥នាទី២ដង លោក Grant Wahl បានដួលពីលើកៅអី និងសន្លប់ហើយលែងមានឱកាសដឹងខ្លួនតែម្តង ទោះបីជាក្រុមគ្រូពេទ្យបានធ្វើ CPR អស់រយៈពេល ២០នាទីក៏ដោយ។

សេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ US Soccer បានថ្លែងថា៖ «គ្រួសារបាល់ទាត់អាមេរិកទាំងមូលមានការសោកស្ដាយក្រោយដឹងថាពួកគេបានបាត់បង់ Grant Wahl»។

ដោយឡែក ភរិយារបស់លោក Grant Wahl គឺលោកស្រីវេជ្ជបណ្ឌិត Celine Gounder ក៏បានបង្ហោះសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ខ្ញុំពិតជាអរគុណសម្រាប់ការគាំទ្រពីគ្រួសារបាល់ទាត់ទៅកាន់ប្តីរបស់ខ្ញុំ និងមិត្តភក្តិជាច្រើនដែលបានទាក់ទងមក។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង»។

គួរដឹងផងដែរថាលោក Grant Wahl តែងតែពាក់អាវមានរូបឥន្ទធនូ ដើម្បីបង្ហាញការគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា ដែលត្រូវបាននគរបាលនៅប្រទេសកាតាហាមប្រាណ ថាជារឿងខុសច្បាប់ ហើយលោក ក៏បានប្រឆាំងនឹងការរៀបចំ World Cup របស់កាតា ដែលមិនខ្វល់ពីការស្លាប់របស់កម្មករចំណាកស្រុកផងដែរ៕

Share.