ការប្រកួត IESF World Championship 2022 ក្នុងវិញ្ញាសារ MLBB ក្រុមកម្ពុជាធ្វើបានក្នុងចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ) ក្រោយទទួលបរាជ័យក្រោមថ្វីដៃរបស់ក្រុមហ្វីលីពីនក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

ក្រុម Impunity KH គឺជាក្រុមតំណាងកម្ពុជាចាញ់ក្រុមខ្លាំងមកពីហ្វីលីពីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracket Final ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្នុងប្រភេទវិញ្ញាសា Mobile Legends: Bang Bang ។

ប្រវត្តិប្រកួតក្រុមទាំង២ ក្នុងព្រឹត្តិការណ៍ IESF World Championship លើកនេះ៖
– ក្រុម Impunity កម្ពុជា ៣ប្រកួតកន្លងមក បានយកឈ្នះ ណាមីប៊ី ២-០ និងឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
– ក្រុមហ្វីលីពីន ៣ប្រកួតកន្លងមក ចាញ់ឥណ្ឌូនេស៊ី ២-០ ដែលធ្វើឲ្យពួកគេធ្លាក់មក Lower Bracket ឈ្នះស្លូវ៉ានៀ ២-០ ឈ្នះអាហ្សង់ទីន ២-០ និងឈ្នះម៉ាឡេស៊ី ២-០ បន្តឡើងទៅជួបក្រុមកម្ពុជានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ប្រាក់រង្វាន់សម្រាប់ចំណាត់ថ្នាក់ទទួលបានសម្រាប់វិញ្ញាសា Mobile Legends: Bang Bang៖
១- ក្រុមឥណ្ឌូនេស៊ី ជើងឯក៖ ៥ម៉ឺនដុល្លារ (មេដាយមាស)
២- ក្រុមហ្វីលីពីន លេខ២៖ ៣ម៉ឺនដុល្លារ (មេដាយប្រាក់)
៣- ក្រុមកម្ពុជា លេខ៣៖ ២ម៉ឺនដុល្លារ (មេដាយសំរឹទ្ធ)


បន្ទាប់ពីបញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ IESF World Championship នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រតិភូសហព័ន្ធនិងកីឡាករ គ្រោងនឹងអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦:៣០នាទីល្ងាចនេះ។

ព្រឹត្តិការណ៍ IESF 14th WE Championship Bali 2022 ជើងឯកពិភពលោកមានក្រុមជម្រើសជាតិមកពីតំបន់ទ្វីបអាស៊ី អាហ្វ្រិក អាមេរិក និងអឺរ៉ុប ប៉ុន្តែមានតែ៨ក្រុមប៉ុណ្ណោះចូលរួមប្រកួត សម្រាប់វិញ្ញាសា Mobile Legends: Bang Bang៕

Share.