សិល្បៈជាតិ៖ នៅពេលថ្មីៗនេះ បន្ទាប់បែកធ្លាយសាលក្រមជំនុំជម្រះក្ដីលោក ប៉ែន ចំរុង ដែលតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ ខែ និងពិន័យប្រាក់ ១លានរៀលហើយនោះ ស្រាប់តែលោក តាន់ គឹមសួរ ជាបុគ្គលធ្លាប់មានឥទ្ធិពលម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ចេញមុខវែកញែករកខុសត្រូវឱ្យលោក ប៉ែន ចំរុង។

លោក តាន់ គឹមសួរ បានចាត់ទុកករណីបែកធ្លាយសាលក្រមជំនុំជម្រះក្ដីលោក ប៉ែន ចំរុង គឺជាការវាយប្រហារចង់បង្កាច់បង្ខូចឈ្មោះរបស់លោក ប៉ែន ចំរុង ដោយលោកអះអាងថា ជាការសម្លាប់អាជីពសិល្បៈរបស់តារាសម្ដែង និងជាពិធីករល្បីរូបនេះ។ ដំបូងឡើយ លោក តាន់ គីមសួរ បានវែកញែក ៤ចំនុចឱ្យមហាជនពិចារណាដោយក្នុងនោះលោកលើកឡើងថា ៖

ទី១៖ តើលោក សាន ព្រហ្មបង្ហោះអត្ថបទដោយមិនមានសេចក្ដីយោង ឬប្រភពច្បាស់លាស់បែបនេះ តើលោកមានចេតនាអ្វីឱ្យពិតប្រាកដ? តើទង្វើមួយនេះស័ក្ដសមជាអ្នកសារព័ត៌មានដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដច្បាស់លាស់ដែរឬទេ? តើមានអ្នកណានៅពីក្រោយនៃការបង្ហោះទាក់ទងនឹងអត្ថបទនេះដែរឬទេ?

ទី២៖ តាមអ្វីដែលខ្ញុំយល់ដឹងបន្តិចបន្តួច ចំពោះសាលក្រមរបស់តុលាការដែលមិនទាន់មានការជំនុំជម្រះហើយ គឺកម្រត្រូវបានធ្វើការបង្ហោះបង្ហាញជាសាធារណៈបែបនេះណាស់ តើការបង្ហោះបង្ហាញនេះមានចេតនាអ្វីឲ្យពិតប្រាកដ? ហើយអ្នកណាជាអ្នកនៅពីក្រោយនៃការបង្ហោះបង្ហាញនេះ?

ទី៣៖ តើនេះគឺជាការប្ដឹងផ្តល់រកខុសត្រូវតាមផ្លូវច្បាប់ ឬជាការរៀបចំគម្រោងដើម្បីបំផ្លាញកិត្តិយសរបស់លោក ប៉ែន ចំរុង?

ទី៤៖ជាប់ទោសដាក់ពន្ធនាគារ១០ខែ និងបង្គាប់ឲ្យសងសំណងទៅដើមបណ្ដឹងចំនួន៦០លានរៀល (១៥,០០០$) ពីបទបរិហាកេរ្តិ៍ ហាក់ដូចជាខុសគ្នាឆ្ងាយណាស់ទៅនឹងការបង្កជាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតក្មេងតូចម្នាក់ជាមួយថ្នូល២,៥០០$ដើម្បីបញ្ចប់រឿង។

ក្រោយពីធ្វើការវែកញែករឿងបង្ហោះសាលក្រមបែកធ្លាយនេះហើយ លោក តាន់ គីមសួរ មានចេតនាចង់ឱ្យមហាជន​ជួយ​គិត​ឡើង​វិញ​បន្តិចចំពោះករណីមួយនេះ តើសមហេតុផលដែរឬទេ។ លោក តាន់ គីមសួរ បានបង្ហោះបន្ថែមទៀត បន្ទាប់ពីមានសម្ដីគាំទ្រពីខាងលោកជំទាវ ហ៊ុន ស៊ីណាត ដែលលោកមានមន្ទិលសង្ស័យនៅក្នុងករណីនេះដូចគ្នា។ « ខ្ញុំគាំទ្រនូវប្រសាសន៍របស់លោកជំទាវមីងលើករណីររបស់លោក ប៉ែន ចំរុង ។ ខ្ញុំយល់ឃើញថាចេតនាធ្វើឲ្យបែកធ្លាយសាលក្រមនេះគឺចង់សម្លាប់អាជីពការងាររបស់លោក ប៉ែន ចំរុង ច្រើនជាងការចង់ឈ្នះក្ដី។ តើអ្នកណាជាអ្នកនៅពីក្រោយរឿងនេះឲ្យប្រាកដ?»។

យ៉ាងណាមិញ មហាជនបានបញ្ចេញមតិស្រដៀងគ្នាជាហូរហែនៅក្រោមការបង្ហោះរបស់លោក តាន់ គីមសួរ គឺពួកគេចង់ឱ្យលោក ប៉ែន ចំរុង ចេញមុខបកស្រាយពីបញ្ហានេះដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកផ្សេង​ជួយ​វែក​ញែក​ជំនួស។ រហូតមកទល់ពេលនេះ ពិធីករ ប៉ែន ចំរុង នៅមិនទាន់មានការបកស្រាយណាមួយឱ្យច្បាស់លាស់ពីបញ្ហានេះ ខណៈសារព័ត៌មានព្យាយាមសុំការបំភ្លឺពីលោក។ មហាជនរពឹងថា លោក ប៉ែន ចំរុងនឹង​មាន​ការ​ចេញ​មុខ​បំភ្លឺ​ពី​សាមីខ្លួន​លោក ប៉ែន ចំរុង ឆាប់ៗ​នេះ៕

Share.