ខ្សែប្រយុទ្ធ Billy Ketkeophomphone កូនកាត់បារាំង-ឡាវ បានស៊ុតគ្រាប់ជ័យជម្នះឲ្យក្រុមជម្រើសជាតិឡាវ យកឈ្នះ U23ថៃ ក្នុងលទ្ធផល ១-០ ជំនួបមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន Thammasat កាលពីរាត្រីថ្ងៃទី១១ ខែធ្នូ។

គួរដឹងខ្សែប្រយុទ្ធ Billy Ketkeophomphone គឺជាអតីតកីឡាកររបស់ក្រុម Angers SCO សមាជិកលីគកំពូលបារាំង ត្រូវបានលោក Michael Weiß កោះហៅចូលក្នុងបញ្ជីកីឡាករសរុប២៨នាក់ របស់ក្រុមជម្រើសជាតិឡាវ ត្រៀម AFF Mitsubishi Electronic Cup 2022។

នេះ​ជា​លើកទីពីរហើយ​ដែល​កីឡាករ​​មាន​បទ​ពិសោធន៍​នៅ​បារាំង​រូប​នេះ​ត្រឡប់​មក​ជួយ​ជម្រើស​ជាតិ​ឡាវ ខណៈលើកដំបូងគឺនៅ​ពានរង្វាន់ AFF Suzuki Cup 2020 កាលពី​ខែ​ធ្នូ ឆ្នាំ២០២១។

ចំពោះអាជីពបាល់ទាត់នៅតំបន់អាស៊ានវិញម្តង Billy Ketkeophomphone ធ្លាប់ចូលរួមជាមួយក្លិបបាល់ទាត់ Pahang FA របស់​ម៉ាឡេស៊ី ដែល​កីឡាករ ចាន់ វឌ្ឍនាកា ធ្លាប់​ប្រកប​អាជីព​ក្នុង​រដូវកាល ២០១៨ ហើយក៏បានឈានដល់ផ្លូវបំបែក ក្រោយបង្ហាញខ្លួនបានត្រឹម៤ប្រកួតប៉ុណ្ណោះ។

ក្រុមជម្រើសជាតិឡាវ ស្ថិតនៅពូល B ជាមួយ មីយ៉ានម៉ា, វៀតណាម, ម៉ាឡេស៊ី និង សិង្ហបុរី ខណ:ការប្រកួតបើកឆាក ប៉ះវៀតណាម នៅថ្ងៃទី២១ ខែធ្នូ នៅកីឡដ្ឋាន New Laos National៕

Share.