កណ្តាល៖បុរសម្នាក់បានឌុបប្រពន្ធរបស់ខ្លួនទៅដាំល្ហុងក្នុងចម្ការ ចតម៉ូតូទុកក្រោមដើមស្វាយត្រូវចោរ លួច ឃើញទាន់ស្រែកផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ចាប់បានជនសង្ស័យម្នាក់ ខណៈ២នាក់ទៀតរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី ៩ខែធ្នូឆ្នាំ២០២២ នៅចំណុចចំការល្ហុងរបស់ ជនរងគ្រោះ ភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល។

បើតាមសមត្ថកិច្ច ជនរងគ្រោះ មានឈ្មោះ នឹម ថាង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ជនសង្ស័យ ចំនួន០៣នាក់រួមមាន៖១-ឈ្មោះ ផង់ ណាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។២-ឈ្មោះ ផង់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។៣-ឈ្មោះ ផង់ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៩.១២.២០២២ វេលាម៉ោង១៤:០០នាទី ជនរងគ្រោះ ឈ្មោះ នឹម ថាង បានជិះម៉ូតូម៉ាក Honda Dream C125 ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1CM-6611 ឌុបប្រពន្ធឈ្មោះ រស់ រឿន ទៅចំការស្ថិតនៅក្បែរផ្លូវលេខ380 ពេលទៅដល់ចំការ បានយកម៉ូតូទៅទុកនៅក្រោមដើមស្វាយ រួចពីរនាក់ប្ដីប្រពន្ធបានចូលទៅដាំល្ហុងក្នុងចំការ ដែលមានចម្ងាយពីកន្លែងទុកម៉ូតូប្រហែល ៣០ម៉ែត្រ។ ពេលកំពុងតែដាំកូនល្ហុងបាន   រយៈពេលប្រហែល៣០នាទី ស្រាប់តែជនរងគ្រោះឈ្មោះ នឹម ថាង បានក្រឡេកមកមើលម៉ូតូឃើញមានជនមិនស្គាល់អត្តសញ្ញាណ ម្នាក់បានទាញបង្វែរម៉ូតូរបស់គាត់ហើយជិះឡើងលើផ្លូវទៅទិសខាងឃុំកោះរះ។ ពេលនោះជនរងគ្រោះក៏ស្រែកឡើង ស្របពេលដែលមាននគរបាលប៉ុស្តិ៍រដ្ឋបាលថ្មគរ កំពុងតែល្បាតហើយក៏បានដេញតាមនិង រាយការណ៍តាមវិទ្យុទាក់ទង ទើបលោអធិការ បញ្ជាឲ្យកម្លាំងជំនាញនិងកម្លាំង តាមបណ្ដាប៉ុស្តិ៍ឲ្យជួយចេញស្ទាក់ពេលនោះជនសង្ស័យបាន ជិះម៉ូតូមកដល់ចំណុចហួសស្ពានព្រែកតាព្រហ្ម ក្នុងភូមិកោះរះលើ បានជួបនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរះ ជនសង្ស័យបានផ្ដួលម៉ូតូហើយរត់គេចខ្លួនចូលក្នុងព្រៃចម្ការ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍ បានសហការស្រាវជ្រាវតាមរុករក ក្នុងព្រៃចម្ការចេក ចម្ការស្វាយរហូតដល់ វេលាម៉ោង១៦:៤០នាទី ទើបឃើញជនសង្ស័យ ឈ្មោះ ផង់ ណាន អង្គុយសំងំនៅក្នុងគុម្ពចេកនៅចម្ការក្រោយផ្ទះប្រជាពលរដ្ឋហើយក៏បាននាំជនសង្ស័យឈ្មោះ ផង់ ណាន មកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ផង់ ណាន បានសារភាពថាខ្លួនគេ និងឈ្មោះ ផង់ សំណាង ឈ្មោះ ផង់ បញ្ញា បានជិះម៉ូតូ ០១គ្រឿង ឌុបគ្នា ០៣នាក់ មកពីស្រុកកំណើតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ហើយបានឆ្លងទូកដរ រួចជិះម៉ូតូមកតាមផ្លូវបានឃើញម៉ូតូចំនួន ០១គ្រឿង ទុកនៅក្រោមដើមស្វាយក្បែរផ្លូវ ទើបប្អូនរបស់គេឈ្មោះ ផង់ បញ្ញា បានចុះទៅផ្ដាច់សោ ហើយខ្លួនគេជាអ្នកជិះម៉ូតូនោះចេញ។ ពេលជិះមកជួបសមត្ថកិច្ចតាមផ្លូវ ក៏បានផ្ដួលម៉ូតូហើយរត់គេចខ្លួនទៅសំងំពួននៅក្នុងចំការចេកខាងក្រោយផ្ទះប្រជាពលរដ្ឋ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.