សិល្បៈជាតិ៖ វណ្ណដា ត្រូវបានហ្វេនអ្នកគាំទ្របទចម្រៀង Hip-Hop នៅក្នុងប្រទេសកម្ពុជាទទួលស្គាល់ចំពោះទេពកោសល្យព្រមទាំងសមត្ថភាពរបស់លោកថា ពិតជាRapper វ័យក្មេងមួយរូបដែលអាចនាំយកវិស័យចម្រៀងរ៉េបខ្មែរទៅកាន់ពិភពលោក រហូតដល់មានការកោតសរសើរនិងឱ្យតម្លៃពីបណ្តាបរទេសអំពីសិល្បៈវប្បធម៌របស់ខ្មែរនាពេលកន្លងមក។ តើ វណ្ណដា មានចំនុចជោគជ័យអ្វីខ្លះ ដែលកាន់តែធ្វើឱ្យលោកក្លាយជាជើងខ្លាំងមួយរូបនៅក្នុងវិស័យចម្រៀងរ៉េប?

ថ្ងៃនេះសារព័ត៌មានត្រយងសូមបង្ហាញពី ៨ចំណុចតាមរយៈការសង្កេតឃើញពីតារាចម្រៀង វណ្ណដា ដែលលោកកំពុងតែជោគជ័យខ្លាំងនៅក្នុងជីវិត។ តោះមកតាមដានទាំងអស់គ្នា៖

១.រកឃើញអ្វីដែលជា Color របស់ខ្លួនឯង

វណ្ណដា ចូលចិត្តនិយាយថា លោកបានរកឃើញពីពណ៌សម្បុរ ឬ Color របស់ខ្លួនឯង លោកពីស្គាល់ក្ដីស្រមៃខ្លួនឯងបានលឿនបំផុត លោកដឹងថា លោកគួរតែធ្វើជាសិល្បករចម្រៀងបែបណាដែលត្រូវទីផ្សារចម្រៀង។ លើសពីនោះ លោកស្រលាញ់ចូលចិត្តតន្ត្រីតាំងតែពីពេលដែលលោកនៅតូចមកម៉្លេះ ទើបធ្វើឱ្យលោកហ៊ានប្រឡូកក្នុងវិស័យចម្រៀងរ៉េប។

២.សម្រេចក្ដីស្រម៉ៃដែលត្រូវនឹងទេពកោសល្យ

វណ្ណដា បាននិយាយថា លោកចំណាយពេល ៤ឆ្នាំ ជ្រើសរើសជំនាញតន្ត្រីឱ្យត្រូវនឹងទេពកោសល្យរបស់លោក បើទោះបីជាលោកមានអំណោយផលពីធម្មជាតិគឺទឹកដមសំឡេង លាយលំជាមួយសមត្ថភាពចម្រៀងរ៉េប និងគំនិតច្នៃប្រឌិតក្នុងការតែងនិពន្ធឱ្យមានពាក្យពេចន៍នប្លែកៗ ប៉ុន្តែលោកព្យាយាមដុតខាត់ខ្លួនឯងដូចគ្នា។ រាល់ការគិតរបស់ វណ្ណដា មានភាគរយនៃភាពជោគជ័យច្រើន ព្រោះលោកបានធ្វើអ្វីដែលលោកស្រឡាញ់ ជាការងារដែលលោកប្រឹងប្រែងបំផុតដើម្បីបំពេញចំណង់ចំណូលចិត្តរបស់លោក។

៣.ប្រាប់ខ្លួនឯងថាធ្វើបាន

នៅពេលមុនចូលផលិតកម្មបារមី វណ្ណដា បានព្យាយាមធ្វើឱ្យផលិតកម្មទទួលស្គាល់ពីស្នាដៃរបស់ខ្លួនតាមរយៈបទ «ព្រាននារី» ។ មិនមែនលោកយកមាត់ទទេទៅបង្ហាញផលិតកម្មឱ្យគេទុកចិត្តលោកនោះទេ តែលោកយកសិទ្ធផល និងធនធានតន្ត្រីទៅបង្ហាញផលិតកម្ម រហូតឈានទៅដល់ការចុះកុងត្រាជាតារាប្រចាំផលិតកម្ម។

៤.ជ្រើសរើសក្រុមការងារផលិតខ្លាំង

វណ្ណដា នៅក្នុងផលិតកម្មបារមីក្ដោបបានក្រុមការងារផលិតខ្លាំងៗ ព្រោះនៅក្នុងសម្បុករបស់មេដឹកនាំកូនកាត់បរទេសនេះ សម្បូរទៅដោយធនធានដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងពូកែៗ។ ទាំងការផលិតបទចម្រៀង ភ្លេង វីដេអូ MV អាល់ប៊ុម មិនមែនតម្រូវតែទីផ្សារក្នុងស្រុកទេ តែវាយឡុកចូលឆាកអន្តរជាតិ និងប្រទេសជិតខាង។

៥.តន្ត្រីជាបេះដូង

រាល់បទចម្រៀងរបស់ វណ្ណដា គឺលោកយកបេះដូងមកផលិតតន្ត្រីឱ្យល្អបំផុត រាល់ចម្រៀងនីមួយៗដែលលោកបញ្ចេញ គឺតែងតែផ្ចិតផ្ចង់លះបង់ខំប្រឹងអស់ពីចិត្តពីកាយ មុនពេលដែលបញ្ចេញវាទៅកាន់ទីផ្សារ។

៦.ហ៊ានកែប្រែមុខមាត់តន្ត្រីនៅក្នុងស្រុក

វណ្ណដា ធ្លាប់លើកឡើងថា កាលវ័យជំទង់លោកសង្កេតឃើញវិស័យតន្ត្រីនៅកម្ពុជាមិនសូវទូលំទូលាយទេ ពោលនៅមានការលួចចម្លងទាំងចង្វាក់ សាច់ភ្លេង និងការបកប្រែអត្ថបទដើមមកច្រៀងទាំងស្រុង ហើយវាក៏បានក្លាយទៅជាផ្នែកមួយដែលលោកគិតចង់ផ្លាស់ប្តូរវាចេញ ហើយទីបំផុត វណ្ណដា បានទទួលឱកាសធ្វើវាជាមួយផលិតកម្ម Baramey ក្នុងដំណើរនៃការផលិតបទ Original Song។

៧.ហ៊ានប្រថុយបើកឱកាសឱ្យខ្លួនឯង

វណ្ណដា បានចាកចេញពីស្រុកកំណើតក្នុងទឹកដីកំពង់សោមដើម្បីឡើងមករស់នៅរាជធានីភ្នំពេញ ដើម្បីរៀនធ្វើភ្លេងបន្ថែម ជាមួយមិត្តសម្លាញ់ឈ្មោះសង្ហា និងបន្តរៀនសូត្រអ្វីថ្មីៗពីមជ្ឈដ្ឋានជុំវិញខ្លួនជាប្រចាំ រហូតអាចបោះជំហានឈានមកដល់ចំណុចបច្ចុប្បន្ន។ ទោះបីមានរូបរាងតូចល្អិត ប៉ុន្តែចិត្តរបស់លោកធំ ក្នុងការជំនះឧសគ្គសម្រេចក្ដីស្រម៉ៃ។

៨.ការបំផុសគំនិតស្រឡាញ់វប្បធម៌

រាល់បទចម្រៀងរបស់ វណ្ណដា តែងមានការលាយបញ្ចូលនូវឧបករណ៍ភ្លេងបុរាណខ្មែរ។ ជាក់ស្ដែងដូចជាបទ «Time To Rise » មានអ្នកគាំទ្រចម្រៀងលោកដល់ខ្ទង់រយលាន Views នៅលើបណ្ដាញសង្គម។ បើទោះមានបទចម្រៀងចេញរួមគ្នាជាមួយជនជាតិថៃ ក៏តារាចម្រៀងប្រុសរូបនេះបញ្ច្រៀបសិល្បៈវប្បធម៌ខ្មែរបញ្ចូលផងដែរ។ នេះជារសជាតិថ្មីដែល វណ្ណដា បានរកឃើញថា អ្នកស្ដាប់បទចម្រៀងរបស់លោកមិនមានភាពធុញធ្រាន់ ។ លោកចង់ឱ្យបរទេសទទួលស្គាល់ វណ្ណដា តាមរយៈតន្ត្រីភ្លេងខ្មែរ។

ការលើកឡើងទាំង ៨ ចំនុចខាងលើនេះគ្រាន់តែជាគន្លឹះខ្លះៗពីភាពជោគជ័យរបស់តារាចម្រៀងរ៉ប វណ្ណដា ចុះសម្រាប់គំនិតអ្នកវិញគិតថាមានចំនុចអ្វីបន្ថែមទៀត?


Share.