វគ្គ​ជម្រុះ​បាល់​បោះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2021 FIBA Asia Cup ពូល A និង B ​កំពុង​តែ​ធ្វើ​នៅ​​ AUF Sports and Cultural Center ក្នុង​ទីក្រុង Angeles នៃ​ខេត្ត​Pampanga ប្រទេស​ហ្វីលីពីន ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន បាន​ប្រកួត​ឈ្នះ​ក្រុម​កូរ៉េខាងត្បូង ទាំង​ប្រផុតប្រផើយ​នៅ​ចុង​ម៉ោង ដោយ​លទ្ធផល​ ៨១ទល់៧៨។

ចំពោះ​ចំណាត់​ថ្នាក់​បណ្ដោះអាសន្ន​​ក្នុង​ពូល A នេះ​មាន​ហ្វីលីពីន ឈរ​លេខ១​កាន់​៨ពិន្ទុ ក្រុម​កូរ៉េខាងត្បូង លេខ២​កាន់​៥ពិន្ទុ ឥណ្ឌូណេស៊ី លេខ៣​កាន់​៤ពិន្ទុ ស្មើ​គ្នា​នឹង​ក្រុម​បាត​តារាង​ថៃ។

ចំណែក​កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី១៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​វិញ៖
ពូល A៖កូរ៉េខាងត្បូង ប៉ះ ឥណ្ឌូណេស៊ី ម៉ោង​១:៣០នាទី​រសៀល
ពូល B៖តៃវ៉ាន់ ប៉ះ​ចិន ម៉ោង​៥​ល្ងាច

ហ្វីលីពីន ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូល A និង B ដែល​នៅ​សេសសល់ ក្នុង​ពាន 2021 FIBA Asia Cup ស្រប​ពេល​ដែល​ក្រុម​លេខ១ និង​លេខ២ មាន​ឈ្មោះ​ទៅ​ប្រកួត​ជុំ​ចុងក្រោយ​វគ្គ​​១៦ក្រុម នៅ​​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ចន្លោះ​ថ្ងៃ​ទី​១៦ ដល់​២៨​ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ។ ចំណែក​ក្រុម​លេខ៣​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជម្រុះ​ជុំ​បន្ត​មួយ​ទៀត​ដើម្បី​ស្វែង​រក​កៅអី​ទៅ​បង្គ្រប់។

ជាមួយ​គ្នា​នេះ​ដែរ​ក៏​រក​ឃើញ​ក្រុម​កក់កៅអី​ឡើង​ទៅ 2021 FIBA Asia Cup ​មុន​គេ​បណ្តើរៗ​ហើយ​ក្នុង​នោះ​មាន​ក្រុម​លីបង់ និង​បារ៉ែន ជា​ជើង​ខ្លាំង​មក​ពី​ពូល D អ៊ីរ៉ង់ និង​ស៊ីរី មក​ពី​ពូល E កាហ្សាស្ថាន និង​ស៊ីរី មក​ពូល F។

ពានរង្វាន់​បាល់បោះ​ជើង​ឯក​ប្រចាំ​ទ្វីប​ធ្វើ​ឡើង​នៅ​រាល់២ឆ្នាំ​ម្តង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០ មក​ម៉្លេះ ស្រប​ពេល​ក្រុម​​ចិន ឈ្នះ​ជើង​ឯក​បាន​១៦លើក ច្រើន​ជាង​គេ​ ហើយ​ហ្វីលីពីន ឈ្នះ​៥លើក អ៊ីរ៉ង់ ឈ្នះ​៣លើក កូរ៉េខាងត្បូង​និង​ជប៉ុន ឈ្នះ​ម្នាក់​២លើក និង​អូស្រ្ដាលី ឈ្នះ​១លើក ផង​ដែរ៕

Telegram-Troryorng
Share.