សិល្បៈជាតិ៖ ជីវិតអ្នកនាង សឿ សុធារ៉ា មានភ័ព្វវាសនាល្អឡើងវិញ ដែលថ្មីៗនេះទទួលបានវីឡាទោលពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងលោកជំទាវ មានតម្លៃជាង ២ម៉ឺនដុល្លារក្នុងបុរី KP Morn Dany។ ហើយអ្នកនាងសន្យានឹងបន្តបម្រើការងារក្នុងវិស័យសិល្បៈសម្ដែងឡើងវិញ រួមជាមួយនឹងកូនស្រី។

អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារទាំងស្រុងថា ៖ « នាងខ្ញុំ សឿ សុធារ៉ា ព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវ កាញារីទ្ធ និងលោកជំទាវ “ លោកពុក លោកម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗឱ្យបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$»

អ្នកបានរៀបរាប់បន្តថា « ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំនិងកូនៗនិងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូនអោយអស់ពីកំលាំងកាយចិត្ត ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោកទាំងពីរខកបំណងឡើយ។ កូន និងចៅៗ សូមជូនពរលោកទាំងពីរអោយមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់។ សាធុសាធុសាធុ»។

សូមជម្រាបថា ស្ថានភាពសុខភាព និង ឆាកជីវិតរបស់តារាសម្ដែង សឿ សុធារ៉ា ពេលនេះ បានប្រសើរឡើងបន្តិចវិញហើយ ។ កន្លងមកអ្នកនាងត្រូវប្រឈមនឹងជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ហើយអ្នកនាងក៏មានជំងឺប្រចាំកាយ ជាជំងឺ ថៃរ៉យក្រពេញទីរ៉ូអ៊ីត ដែលបណ្ដាលមកពីប្រើប្រាស់ថ្នាំលើសកម្រិត និង មិនត្រឹមត្រូវតាមវេជ្ជបញ្ជា។ ប៉ុន្តែនៅពេលនេះអ្នកនាងបានទទួលបានព្យាបាល និងមានអាការៈល្អប្រសើរជាងមុនបន្តិច។ អ្នកគាំទ្ររំពឹងថា អ្នកនាង សឿ សុធារ៉ា នឹងទទួលបានសុខុមាលភាពល្អដូចដើមនាពេលខាងមុខនេះ។

Share.