ក្រោយចប់ភារកិច្ចនៅប្រទេសកាតារ ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្នុងពានរង្វាន់ 2022 FIFA World Cup Qatar លោក Louis van Gaal បានលាឈប់ពីតំណែងនៅចុងឆ្នាំនេះជាមួយក្រុមអធិរាជពណ៌ទឹកក្រូច ហុល្លង់ ហើយ។
យ៉ាងណាក្តីបើតាមសារព័ត៌មាន Eurosport បាននិយាយថាអ្នកដែលមកជំនួសកៅអីជាអ្នកចាត់ការក្រុមហុល្លង់ វិញគឺជាអតីតគ្រូបង្វឹក FC Barcelona លោក Ronald Koeman វ័យ៥៩ឆ្នាំ ដោយនឹងចូលដឹកនាំក្រុមជម្រើសជាតិហូឡង់វិញ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។
មូលហេតុនៃការចាកចេញរបស់លោក Louis van Gaal គឺដើម្បីសម្រាកព្យាបាលជំងឺមហារីកប្រូស្តាតរបសគាត់ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានីយទូរទស្សន៍ប្រចាំនៅប្រទេសហូឡង់។ ដូច្នេះគ្រូបង្វឹកវ័យ៧០ឆ្នាំ រូបនេះត្រូវបង្ខំចិត្តលាឈប់ពីតំណែងមុនពេលកំណត់ បើទោះបីជាមិនអាចជួយក្រុមជម្រើសជាតិហូឡង់ឲ្យឡើងទៅជុំបន្ទាប់ក៏ដោយក្តី។
ក្រុមជម្រើសជាតិហូឡង់ មិនបានឡើងទៅជុំបន្ទាប់ក្រោយស្នើគ្នា ២-២ ពេញ ១២០នាទី ហើយបានចាញ់បាល់ប៉េណាំងទីកាត់ក្តី១១ម៉ែត្រ ក្រោមថ្វីជើងក្រុមជម្រើសជាតិអាស្សង់ទីន ដោយលទ្ធផល ៣-៤ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ពិភពលោក FIFA World Cup ២០២២ នៅកាតារ។
គួរបញ្ជាក់ថាលោក Ronald Koeman ទំនេរពីការងារចាប់តាំងពីត្រូវក្លិបអ្នកមានបុណ្យ FC Barcelona បណ្ដេញចេញពីតំណែងកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ ក្រោយដឹកនាំជួបក្រុមក្លិបនៅអេស៉្បាញមួយនេះ បាននូវលទ្ធផលមិនសូវល្អផ្ទួនៗគ្នា៕