ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជាទម្ងន់ជាង ៣០០ គីឡូក្រាម ដែលអ្នកនេសាទចាប់បានកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនៅខេត្តស្ទឹងត្រែង បានបំបែកកំណត់ត្រាពិភពលោកជាត្រីទឹកសាបដែលធំជាងគេលើពិភពលោក។ ត្រីបបែលយក្សនេះត្រូវបានគេដឹងថាជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដី។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានសរសេរនៅលើបណ្ដាញសង្គម នាថ្ងៃទី១២ ខែធ្នូ ២០២២។

ឯកឧត្តមបានឲ្យដឹងថា ត្រីបបែលនៅកម្ពុជាមាន ៥ ប្រភេទ ហើយត្រីបបែលយក្សគឺជាត្រីទឹកសាបដែលមានទំហំធំជាងគេ។ ត្រីបបែលយក្សនេះអាចលូតលាស់ និងអាចមានទម្ងន់រហូតទៅដល់ជាង ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ជាង៥ម៉ែត្រ គិតរួមទាំងកន្ទុយវាផង។ សូមកុំច្រឡំថាជាប្រភេទត្រីសមុទ្រ តែជាប្រភេទត្រីទឹកសាបដែល គេរកឃើញមានវត្តមាននៅតាមដងទន្លេមេគង្គ និងទន្លេសាប។យោងតាមអ្នកសិក្សាស្រាវជ្រាវពីប្រភេទត្រីបបែលយក្សនេះ ត្រីបបែលយក្សទឹកសាប ត្រូវបានរកឃើញថាមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺចាប់ពីខេត្តស្ទឹងត្រែង ចុះមកដល់ខេត្តក្រចេះ ពេលខ្លះដល់ខេត្តព្រៃវែង ហើយត្រីបបែលទឹកសាបយក្សនេះ គឺជាត្រីមួយក្នុងចំណោមត្រីធំបំផុតនៅលើផែនដី។ ត្រីបបែល ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការ IUCNជាប្រភេទសត្វកំពុងរងការគំរាមកំហែង។

អ្នកសិក្សាបានលើកឡើងថា កម្ពុជាគឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សដែលកំពុងមានវត្តមាន ជាពិសេស គឺនៅតំបន់ព្រែកកាំពី ក្នុងខេត្តក្រចេះ តែទោះយ៉ាងណាជាការព្រួយបារម្ភដែលចំនួនត្រីបបែលយក្សមានការថយចុះជាលំដាប់ដោយដោយសារតែការនេសាទខុសច្បាប់។ ត្រីបបែលយក្ស មានលក្ខណៈសម្គាល់ខ្លះៗ គឺបាតពោះមានពណ៌ត្នោតប្រផេះ ហើយជាយក្រែងនៃពោះមានពណ៌ខ្មៅ ខណៈកន្ទុយគឺមានប្រវែងកន្ទុយវែងជាងដងខ្លួន និងប្រវែងដងខ្លួនអាចលូតលាស់រហូតដល់ ៣ ម៉ែត្រ។ ត្រីបបែលយក្សអាចរស់នៅក្នុងអាយុប្រហែល ១០ឆ្នាំ ប៉ុន្តែវាគឺជាប្រភេទត្រីដែលរីកធំធាត់លឿនបំផុត។ ត្រីបបែលត្រូវបានកំណត់ដោយ អនុក្រឹត្យលេខ១២៣ អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់។

រូបថតឯកសារ

Share.