តាមរយៈកិច្ចសហប្រតិបត្តិការ​រវាងក្លិបបាល់ទាត់បឹងកេត និង​ក្លិបបាល់ទាត់ SHONAN BELLMARE ដែលជាសមាជិក​នៃ​ក្របខ័ណ្ឌ​លីគកំពូល​ជប៉ុន ( J-LEAGUE ) ​កីឡាករ​មានសក្តានុពល​ពីររូប​ ពី​ក្រុមយុវជន​ថ្នាល​របស់បឹងកេត គឺអ្នកចាំទី IMMANOEL OSAMOJE និង ខ្សែប្រយុទ្ធ ស្រ៊េន មិនា ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន ដែលនឹងដឹកនាំដោយ​លោក សាប៊ូន វិនតា ​តួនាទីជានាយក​អភិវឌ្ឍ​យុវជន។

គោលបំណង​នៃការអញ្ជើញកីឡាករយុវជនទាំងពីររូប ធ្វើដំណើរទៅកាន់​ប្រទេសជប៉ុន គឺដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍​អំពី​ការហ្វឹកហាត់ ក៏ដូចជាផ្តល់ឱកាសឱ្យ​ពួកគេ ហ្វឹកហាត់ជាមួយ​ក្រុមយុវជនរបស់ក្លិប SHONAN BELLARE អាយុ​ក្រោម ១៨ឆ្នាំ ថែមទៀតផង។

តាមកាលវិភាគអ្នកទាំងបី បានធ្វើដំណើរចាកចេញពី​កម្ពុជា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

លោក សាប៊ូន វិនតា នាយកអភិវឌ្ឍយុវជនក្លិបបឹងកេត បានបង្ហាញអំពីទស្សនៈចំពោះការនាំយុវជន ទៅហ្វឹកហាត់នៅប្រទេសជប៉ុន៖

«ខ្ញុំមានអារម្មណ៏សប្បាយចិត្តរីករាយនិងសូមអគុណដល់ថ្នាក់ដឹកនាំ ក្លឹបបឹងកេតដែលបានផ្ដល់ឱកាសអោយរូបខ្ញុំ និងកីឡាករយុវជន បឹងកេតពីរនាក់ទៀត ចូលរួមកម្មវិធីហ្វឹកហាត់របស់ក្រុមយុវជន អាយុក្រោម១៨ឆ្នាំក្លិបបាល់ទាត់ Shonan Bellmare នៃលីគកំពូល របស់ប្រទេសជប៉ុន J-League ដែលជាដៃគូរសហការរបស់ក្លិប បឹងកេត»។

«កម្មវិធីហ្វឹកហាត់នេះនឹងផ្តល់នូវបទពិសោធន៏ថ្មីមួយទៀត សម្រាប់ខ្ញុំរៀនសូត្រពីការហ្វឹកហាត់ និងអភិវឌ្ឍន៏បាល់ទាត់យុវជន នៅក្លិបជប៉ុនមួយនេះ។ ខ្ញុំសង្ឃឹមថាបទពិសោធន៍នេះនឹងក្លាយ ជាផ្នែកមួយក្នុងការអភិវឌ្ឍន៏យុវជនរបស់ក្លិបបឹងកេតផងដែរនៅថ្ងៃ អនាគត»៕

Share.