សហព័ន្ធកីឡាបាល់ទាត់វៀតណាម VFF បានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្គោលក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ លោក Gong Oh-kyun ជាផ្លូវការកាលពីរាត្រីថ្ងៃទី ១២យប់មិញនេះ ដោយផ្អែកទៅលើហេតុផលនៃការតម្រង់ទិសរបស់គណៈកម្មាធិការប្រតិបត្តិ VFF ក្នងការជ្រើសរើសគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិនិងក្រុម U23។


លោក Oh-kyun បានចូលកាន់តំណែងជាគ្រូបង្គោលក្រុមយុវជនតាមរយៈការណែនាំពីគ្រូធំ លោក Park Hang-seo កាលពីខែមេសាកន្លងទៅ។ ក្នុងរយៈពេលជិតមួយឆ្នាំនៃការដឹកនាំ U23 វៀតណាម គ្រូបង្វឹកធ្លាប់ជួយក្រុមឈានដល់វគ្គ ៨ក្រុមនៃពានរង្វាន់ AFC U23 Asian Cup 2022។

ដែលកាលនោះ លោកបានជួយក្រុមវៀតណាម ឆ្លងផុតវគ្គចែកពូល AFC U23 Asian Cup ដែលមាន កូរ៉េ ថៃ និងម៉ាឡេស៊ី ប៉ុន្តែបានចាញ់ក្រោមថ្វីជើងក្រុមជើងឯក អារ៉ាប៊ីសាអូឌីត លទ្ធផល ២-០ ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

សម្រាប់ការប្រកួតកីឡាអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U-23 Asian Cup ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ជម្រុះសម្រាប់ចូលរួមការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសកាតា កំពុងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ក្រោយប្រទេសចិនដកខ្លួនវិញដោយសារវិបត្តិកូវីដ-១៩៕

Share.