កីឡាករ Ilhan Fandi នឹងចូលរួមជាមួយក្លិប KMSK Deinze នៅរដូវការថ្មីចាប់ពីខែមករា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមការប្រកាសជាផ្លូវការរបស់ក្លិបដែលមានមូលដ្ឋាននៅប្រទេសបែលហ្សិក កាលពីថ្ងៃចន្ទ ទី១២ ខែឆ្នូ ឆ្នាំ២០២២ កន្លងទៅ។

ក្លិបមានដើមកំណើតតាំងពីឆ្នាំ១៩២៦នេះ បាននាំយកកីឡារ Ilhan Fandi ពីក្លិប Albirex Niigata ដែលជាសមាជិកលីគកំពូលរបស់ប្រទេសសិង្ហបុរី ហើយក៏ជាកីឡាករឆ្នើមវ័យក្មេង ស្ថិតក្នុងក្រុមជម្រើសជាតិសិង្ហបុរីថែមទៀតផង។

ក្រោយពេលប្រកាសចូលរួមជាមួយ KMSK Deinze កីឡាករវ័យ ២០ឆ្នាំរូបនេះ បាននិយាយថា៖ «ខ្ញុំពិតជាមានសំណាង និងអរគុណសម្រាប់ការចាប់អារម្មណ៍ដែល Deinze ឃើញចំពោះខ្ញុំ និងមហិច្ឆតាដែលពួកគេមានសម្រាប់ខ្ញុំ ហើយខ្ញុំដឹងគុណចំពោះឱកាសដែលពួកគេបានផ្តល់ឱ្យខ្ញុំ ហើយខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពសម្រាប់ក្រុម។ ខ្ញុំពិតជារំភើបចំពោះការចូលរួមនេះ ហើយខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមនៅបែលហ្សិកនោះបានឡើយ»។

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ក៏បានកោះហៅកីឡាកររូបនេះចូលជាជម្រើសជាតិ ដើម្បីត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ និងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 រួមជាមួយបងប្អូនបង្កើត២នាក់ទៀតគឺ Irfan Fandi និង Ikhsan Fandi ។ អ្នកទាំង៣ ជាកូនប្រុសបង្កើតរបស់លោក Fandi Ahmad អតីតសមាជិកក្រុមជម្រើសជាតិសិង្ហបុរី ចន្លោះឆ្នាំ១៩៧៩ដល់១៩៩៧។

គួររំលឹកដែរថា កីឡាករ Ilhan Fandi ធ្លាប់បានបង្ហាញខ្លួនឲ្យក្លិប Albirex Niigata បានចំនួន ១៧ប្រកួត និងរកបានចំនួន ១៥គ្រាប់ រឺឯការបង្ហាញខ្លួនឲ្យក្នុងក្រុមជម្រើសជាតិសិង្ហបុរីវិញ លេងបានចំនួន ៤ប្រកួតក្នុងឈុតធំក្រុមជម្រើសជាតិចាប់តាំងពីឆ្នាំ២០២១ មក។ កីឡាករ Ilhan Fandi ធ្លាប់ឈ្នះពានរង្វាន់ Goal of the Year និងជាប់ឈ្មោះក្នុងក្រុម Singapore Premier League Team of the Year ថែមទៀតផង៕

អត្ថបទ៖ សុន ភានុ

Share.