មុនធ្វើដំណើរមកប្រកួតបើកឆាកពូល A នៅកម្ពុជា ពាន AFF Mitsubishi Electric Cup 2022 នៅថ្ងៃទី ២០ ខែ ធ្នូ ខាងមុខក្រុមជម្រើសជាតិហ្វីលីពីន បានណាត់ក្រុមជម្រើសជាតិវៀតណាម ប្រកួតមិត្តភាពអន្តរជាតិ កាលពីល្ងាចម្សិលមិញដោយចាញ់ក្រុមវៀតណាម។

ក្នុងជំនួបប្រកួតមិត្តភាពអន្តរជាតិនេះ ក្រុមវៀតណាម បានយកឈ្នះ ហ្វីលីពីន ១ ទល់នឹង ០ នៅនាទី ៩០+២ ទាត់ចូលដោយកីឡាករ Nguyễn Văn Quyết បន្ទាប់ពីពួកគេ បានបើកការវាយសម្រុកចាប់តាំងពីដើមតង់។

លោក Josep Ferre គ្រូជម្រើសជាតិហ្វីលីពីន បាននិយាយថា «វៀតណាមសក្តិសមជាក្រុមប្រជែងជើងឯកពិតមែន ព្រោះទាំងកីឡាករ និងទម្រង់លេងរបស់ពួកគេ ពិតជាមានគុណភាពខ្ពស់»។

ការប្រកួតមិត្តភាពអន្តរជាតិ កាលពីម្សិលមិញក៏មានក្រុមម៉ាឡេស៊ី ប៉ះ ម៉ាល់ឌីវ ម៉ោង៨យប់នៅកីឡដ្ឋាន KLFA Stadium រាជធានីកូឡាឡាំពួរ ដោយក្រុមម៉ាឡេស៊ីឈ្នះម៉ាល់ឌីវ ៣-០ និងក្រុមជម្រើសជាតិថៃ ប៉ះ តៃវ៉ាន់ ម៉ោង៨:៣០យប់ នៅកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani ក្រុមជម្រើសជាតិថៃចាញ់ តៃវ៉ាន់ ១-០។

https://www.youtube.com/watch?v=Y-VGzw5mN-I

ការប្រកួតបើកឆាកពូល A នឹងធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា ប៉ះ ហ្វីលីពីន ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៥:០០នាទីយប់។ ប្រ៊ុយណេ ប៉ះ ថៃ ម៉ោង៨:៣០យប់នៅរាជធានីកូឡាឡាំពួរ (ទឹកដីកណ្តាល)។


ពូល B វិញប្រកួតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មីយ៉ាន់ម៉ា ប៉ះ ម៉ាឡេស៊ី ម៉ោង៤:៣០នាទី នៅកីឡដ្ឋាន Thuwunna Stadium ទីក្រុងរ៉ង់ហ្គូន។ ឡាវ ប៉ះ វៀតណាម ម៉ោង៦:៣០នាទី នៅកីឡដ្ឋាន New Laos National Stadium រដ្ឋធានីវៀងចន្ទន៍។

ពានរង្វាន់ AFF Mitsubishi Electric Cup 2022 វគ្គជម្រុះតាមពូលនេះមាន១០ក្រុមចូលរួម ដោយបែងចែកជា២ពូល ដោយប្រកួតពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ហើយតម្រូវឱ្យប្រទេសជាសមាជិកតាមពូលធ្វើម្ចាស់ផ្ទះទៅតាមការចាប់ឆ្នោតនៃវគ្គជម្រុះតាមពូល។ សម្រាប់ពូល A មានថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា និងប្រ៊ុយណេ ហើយពូល B មានវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ៕

Share.