នៅចំពោះមុខឯកឧត្តម អេមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតរំលឹកពីការទស្សន៍ទាយរបស់សម្តេចថា បារាំងអាចនឹងលើកពានបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២។

គួរដឹងថាក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ២លើកជាប់គ្នា និងជាលើកទី៤ ប្រចាំប្រវត្តិសាស្ររបស់បារាំងនៅ World Cup ក្រោយឈ្នះម៉ារ៉ុក ក្នុងលទ្ធផល ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Al Bayt កាលរាត្រីថ្ងៃទី១៤ ឈានចូលទី១៥ ខែធ្នូ។

នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមការពារតំណែងជើងឯកមាន់គក់បារាំង របស់លោក Didier Deschamps បានទម្លាក់តោកំណាចអង់គ្លេស ក្នុងលទ្ធផល ២-១ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី២ជាប់ៗគ្នា និងលើកទី៧ប្រចាំប្រវត្តិសាស្ត្រខ្លួន និងបានបញ្ចប់ក្តីស្រមៃឈ្នះពានរបស់អង់គ្លេសផងដែរ។

បើត្រឡប់ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ២០១៨ ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps បានយកឈ្នះប៊ែលហ្ស៊ិក ក្នុងលទ្ធផល ១-០ រួចបន្តយកឈ្នះ ក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៤-២ លើកពាន World Cup ជាលើកទី២។

សម្រាប់វគ្គផ្តាច់ព្រ័ត្រក្រុមជម្រើសជាតិបារាំង នឹងត្រូវប៉ះ អាហ្សង់ទីន នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ វេលាម៉ោង ១០:០០នាទីយប់ នៅកីឡដ្ឋាន Lusail ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022៕

Share.