លោក លី ឈិង យ៉ុន (Li Qing Yun) ត្រូវ​បាន​គេ​អះអាង​ថា​ ជា​មនុស្ស​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​លើ​ពិភពលោក លោកមានអាយុដល់ទៅ ២៥៦ ឆ្នាំ ទើបធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍ និង​ចោទ​ជា​សំណួរ​ថា តើមនុស្សប្រុសម្នាក់នេះធ្វើបានយ៉ាងណាទើបមានអាយុវែងដល់ម្លឹង? ហើយតើរបៀបរបបជីវិតប្រចាំថ្ងៃរបស់គាត់​រស់​បាន​យ៉ាង​ម៉េច​? ក្នុងអត្ថបទនេះសារព័ត៌មានត្រយងនឹងទម្លាយអាថ៌កំបាំងរបស់បុរសដែលមានអាយុវែងជាងគេនៅលើពិភពលោកឱ្យអ្នកទាំងអស់គ្នាបានដឹង។

លោក លី ឈិង យ៉ុន គឺជាអ្នកជំនាញខាងឱសថរុក្ខជាតិបុរាណចិន លោកបានជ្រើសរើសអាហារម្ហូបបួសជារៀបរបបជីវិតប្រចាំថ្ងៃ លោកគឺជាអ្នកជំនាញខាងក្បាច់គុនចិន។ បុរសរូបនេះបានអះអាងដោយផ្ទាល់ថា លោកកើតនៅឆ្នាំ ១៧៣៦ ប៉ុន្តែក្នុងនោះក៏មានជម្លោះនិងការសង្ស័យមួយចំនួនបានកើតឡើង នៅពេលដែលកំណត់ត្រាបង្ហាញថា លោកបានកើតនៅឆ្នាំ ១៦៧៧ ។ ក្រោយមកលោក លី បានទទួលមរណភាពនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ 1933 ។ ដូច្នេះទោះស្ថិតនៅក្នុងឆ្នាំណាមួយក៏ដោយ បើអាយុជីវិតពិតប្រាកដរបស់លោក រស់បាន ១៩៧ ឆ្នាំ ឬ ២៥៦ ឆ្នាំ​ក៏ដោយ នោះក៏ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មនុស្ស​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ទៅហើយ ច្រើនជាង​លោកស្រី Jeanne Calment ដែលស្ត្រី​ជនជាតិ​បារាំងមានអាយុវែងមិនចាញ់គ្នា ដែលលោកស្រីកើតនៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ១៨៧៥ និងបានស្លាប់នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ១៩៩៧ ពោលគឺមានអាយុរស់នៅរហូតដល់អាយុ ១២២ឆ្នាំ។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវមានការសង្ស័យថា លោក លី ឈិង យ៉ុន ប្រហែលជាចងចាំឆ្នាំកំណើតរបស់គាត់ខុស ឬផ្តល់ព័ត៌មានមិនប្រក្រតីនៅពេលធ្វើកំណត់ហេតុ​កត់ត្រាពីស្ថានភាពជីវិតរបស់លោក។ លោកសាស្ត្រាចារ្យ Wu Chung-Chian ដែលជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យ Min Guo ប្រទេសចិន បានបង្ហាញរបាយការណ៍និងរកឃើញថា លោក លី ឈិង យ៉ុន កើតនៅឆ្នាំ ១៦៧៧ ពីព្រោះមានភស្តុតាងនៃកំណត់ត្រាស្ថិតិប្រជាជនដែលរដ្ឋាភិបាលចិនបានធ្វើឡើង អាចបញ្ជាក់បានថា លោកលីមានជីវិតរស់នៅលើផែនដីនេះបានរហូតដល់ ២៥៦ ឆ្នាំដែលជាឆ្នាំកំណើតនិងស្លាប់ពិតប្រាកដរបស់លោក។

លោក លី កើត​នៅ​ខេត្ត Sichuan តំបន់ភ្នំនៃប្រទេសចិន ហើយនៅអាយុ​ជាង ១០ ឆ្នាំ លោកបាន​ចាប់​ផ្តើម​ប្រមូល​រុក្ខនិងបន្លែដែលដុះ​នៅ​លើ​ភ្នំធ្វើជាអាហារសម្រាប់បរិភោគ។ ជិវិតលោកហូបតែបន្លែ មិនសូវទទួលទានសាច់សត្វនោះទេ។ បើតាមរបាយការណ៍របស់ទស្សនាវដ្ដី Times និង New York Times នៅអំឡុងឆ្នាំ១៩៣៦ បានបោះពុម្ពផ្សាយថា លោក លី មានប្រពន្ធចំនួន ២៤ នាក់ និងមានអ្នកស្នងមរតកជាង ២០០នាក់។ ប្រពន្ធដែលនៅរស់ជាប់ជាមួយលោកចំនួន ២៣ នាក់ គឺជានារីដែលផ្តល់កិត្តិយសដល់លោក លោកមានកូនចៅ 180 នាក់ និងបានរៀបអាពាហ៍ពិពាហ៍ ១៤លើក។  លុះដល់វ័យ ៧១ ឆ្នាំ លោកត្រូវបានផ្លាស់ទីលំនៅ នឹងបានចូលបម្រើកងទ័ពចិន ដោយលោកបានរៀនសូត្រក្បាច់គុនបុរាណចិន។ ទោះស្ថិតនៅក្នុងវ័យ ៧១ឆ្នាំយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេមិនបានគិតថាលោកមានវ័យចាស់នោះទេ ព្រោះលោកមានរាងកាយមាំមួនខ្លាំងជាងមនុស្សវ័យកណ្ដាល ហើយលោកមនុស្សប្រុសដែលចាំបាច់ត្រូវតែចូលបម្រើទ័ពបដិវត្តចិន។

រុក្ខជាតិព្រៃភ្នំដែលលោក លី បានទទួលទានជាប្រចាំថ្ងៃនេះមានដូចជា ផ្សិតព្រៃ យិនស៊ិនព្រៃ លីងជឺព្រៃ ពុទ្រាព្រៃ និងបន្លែព្រៃដែលដុះនៅលើភ្នំ។ ពួកបន្លែនិងរុក្ខជាតិទាំងអស់នេះ មិនត្រឹមតែជាអាហារតែមួយមុខប៉ុណ្ណោះទេ តែវាក៏ជាឱសថបុរាណដែលជួយជំរុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយ កម្ចាត់ជាតិពុល ពង្រឹងមុខងារលំពែង ប្រឆាំងមហារីក បង្កើនអុកស៊ីហ្សែនក្នុងឈាមទៅចិញ្ចឹមខួរក្បាល បំប៉នថ្លើម ពង្រឹងអរម៉ូន និងបង្កើនប្រសិទ្ធភាពប្រព័ន្ធរំលាយអាហារនៅក្នុងរាងកាយផងដែរ។

បើទោះបីជាលោក លី ឈិង យ៉ុន ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានវ័យចំណាស់ជាងគេនៅលើពិភព​លោក​ក៏ពិតមែន ក៏ប៉ុន្តែនៅមានបុគ្គលដែលមានអាយុច្រើនជាងលោកទៅទៀត។ អ្នកស្រាវជ្រាវបានអះអាងថា លោកគ្រូ Tai Chi Da Liu ដែលជាកូនសិស្សរបស់លោក លី បានរៀបរាប់ប្រាប់ថា នៅវ័យ ១៣០ ឆ្នាំ លោកលី បានជួបស្មៀនចំណាស់ម្នាក់នៅលើភ្នំ ដែលបានបង្រៀនលោកលីអំពីសំណុំនៃក្បាច់ បាក្វាចាង និងជីកុង ជាវិធីនៃការប្រើប្រាស់ដង្ហើម និងដកដង្ហើមឱ្យមានអាយុវែងជាងមុន។ ទោះជារបស់ដែលលោកទទួលទានរបស់មានអត្ថប្រយោជន៍ចំពោះរាងកាយ និងចេះក្បាច់គុនខ្លាំងកម្រិតប៉ុណ្ណាក៏ដោយ លោក លី នៅតែគេចមិនផុតពីច្បាប់ធម្មជាតិដដែល គ្រាន់តែលោកពិសេសជាងមនុស្សគ្រប់គ្នាបន្តិច ដែលអាចបន្តជីវិតនៅលើផែនដីនេះដល់ទៅជិត៣០០ឆ្នាំ។

ថ្ងៃអាវសាននៃជីវិតលោក លី ឈិង យ៉ុន នៅលើផែនដីនេះ ត្រូវបានអ្នកស្រាវជ្រាវក្រុមមនុស្សវ័យចំណាស់បានចារទុកថា លោកលី ជាមនុស្សរស់នៅស្ងប់ស្ងាត់ អង្គុយដូចអណ្តើក ដើរលឿនដូចព្រាប ហើយដេកដូចសត្វសុនខ។ អាថ៌កំបាំងជីវិតរបស់លោក លី ត្រូវបានផ្សារភ្ជាប់ជាមួយឱសថបុរាណដែលអាចការពារភាពចាស់ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្របានយកទៅប្រើប្រាស់រូបមន្តផលិតឱសថរហូតមកទល់សព្វថ្ងៃនេះ៕

Share.