ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ថ្ងៃទី១៦ ខែធ្នូ ម្សិលមិញបានបញ្ចប់ ការប្រកួតចំនួន ១០វិញ្ញាសា ដោយអត្តពលិករបស់កម្ពុជា ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ១ និងសំរឹទ្ធ ៥) ខណៈវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេ ១០គ្រឿង (មាស ៤ និងប្រាក់៦)។


តាមរយៈការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ មានកីឡាករ កីឡាការនី ចំនួនជាង១៩០នាក់ មកពី ១៧ប្រទេសក្នុងនោះមានអត្តពលិកនៃបណ្ដាប្រទេសអាស៊ាន ដែលត្រូវចូលរួមប្រកួតចំនួន ៧ប្រទេសរួមមានម្ចាស់ផ្ទះកម្ពុជា ឡាវ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ក្នុងវិញ្ញាសាដាក់ឲ្យប្រកួត មានដូចជា៖ វិញ្ញាសាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់, ចំបាប់សេរីនារី ១០ប្រភេទទម្ងន់ និងចំបាប់សេរីបុរស ១០ប្រភេទទម្ងន់។


កម្មវិធីប្រកួត នឹងធ្វើឡើងតាមកាលបរិច្ឆេទ និងវិញ្ញាសាប្រកួត រួមមាន៖
– ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់ គឺ GR-55kg, 60kg, 63kg, 67kag, 72kg, 77kg, 82kg, 87kg, 97kg, 130kg។
– ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីនារី (Women Wrestling) ដោយមាន១០ប្រភេទទម្ងន់ គឺ WW-50kg, 53kg, 55kg, 57kg, 59kg, 62kg, 65kg, 68kg, 72kg, 76kg។
– ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីបុរស (Freestyle) ក្នុងប្រភេទទម្ងន់ FS-57kg, 61kg, 65kg, 70kg, 74kg, 79kg, 86kg, 92kg, 97kg, 125kg។


ក្នុងរយៈពេល៣ថ្ងៃនេះ នឹងត្រូវពិនិត្យសុខភាព-ថ្លឹងទម្ងន់ ចាប់ពីម៉ោង ៨:០០-៨:៣០ ហើយចាប់ពីម៉ោង ១០:០០ ដល់ម៉ោង ១៣:៣០ ប្រកួតជម្រុះ និងចាប់ពីម៉ោង ១៦:០០ ដល់ម៉ោង ១៩:០០ ប្រកួតជុំផ្តាច់ព្រ័ត្រ និងរៀបចំពិធីបំពាក់មេដាយ ជូនដល់ម្ចាស់ជ័យលាភី ដោយពេលវេលាដូចគ្នានេះ នឹងត្រូវធ្វើឡើងដូចៗគ្នា លើប្រភេទវិញ្ញាសាទាំង៣ធំៗនេះ។ ក្នុង១ថ្ងៃៗ នឹងត្រូវប្រកួតបញ្ចប់ និងបំពាក់មេដាយ លើប្រភេទវិញ្ញាសានីមួយៗតែម្តង។ រយៈពេលពេញ៣ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

Share.