សិល្បៈជាតិ៖ មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​លើក​ទី​៣ ឆ្នាំ២០២២នេះ បានប្រកាសបើកជាផ្លូវការក្រោម​ប្រធានបទ​ «​ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហ៊ាន​ឆ្ពោះ​ទៅ​កាន់​ភាពយន្ត​ខ្នាត​វែង​»​ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលសន្និសីទចតុម្មុខ ក្រោមអធិបតីភាព ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២នេះ មានស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន៣៥ស្នាដៃ ។ ស្នាដៃភាពយន្តខ្នាតខ្លីទាំង ៣៥ ចំណងជើងដែលបានដាក់ចូលរួមប្រកួតប្រជែងនឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តចំនួន ៨ ទីតាំងក្នុងរាជធានីភ្នំពេញ ។ ភាពយន្តខ្នាតខ្លីទាំង ៣៥ស្នាដៃនេះ នឹងអនុញ្ញាត​ឱ្យ​ទស្សនិកជនដែលចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។ កម្មវិធីបញ្ចាំងមានផ្សព្វ ផ្សាយតាមហ្វេសប៊ុកផេករបស់មហោស្រព និងគេហទំព័រវេបសាយរបស់មហោស្រព។

ក្នុងនៅពិធីបើកនេះដែរ ក៏មានការសម្ដែងសៀកពីក្រុមហ្វាពន្លឺសិល្បៈដែលបានបំបែកកំណត់ត្រា Guinness សម្រាប់ «ការសម្តែងសៀកវែងបំផុត» និងមានការចាក់បញ្ចាំងភាពយន្តចំនួន២ចំណងជើងគឺរឿង ទឹកក្រហម និងរឿង ម្ចាស់របាំងមុខ

យ៉ាងណាមិញ ឯកឧត្ដម សោម សុគន្ធ មាន ប្រសាសន៍នៅថ្ងៃបើកពិធីថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗប្រកបដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្តសម្រាប់បច្ចុប្បន្ន និងអនាគត។ ឯកឧត្ដមគាំទ្រចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗប្រកបដោយគំនិតច្នៃប្រឌិតព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំសីលធម៌គុណធម៌ អត្តសញ្ញាណជាតិ។ សកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិយើង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មភាពយន្តកម្ពុជាមានភាពល្អប្រសើរទាំងកម្រិតគុណភាព បច្ចេកទេស ការសម្ដែងប្រកបដោយវិជ្ជាជីវៈ។ ក្នុងនោះមានការរីកដុះដាលនូវរោង ភាពយន្តលំដាប់អន្តរជាតិ និងការ ផលិតផលភាពយន្តសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក៏មានច្រើនហើយទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន។

ក្នុងនោះដែរ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានឱ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការផ្តល់ឱកាសដល់យុវជន យុវនារីបានបញ្ចេញសមត្ថភាពទេពកោសល្យលើការផលិតស្នាដៃភាពយន្តរបស់ខ្លួនដើម្បីចូលរួមប្រកួតប្រជែងថ្នាក់ជាតិ ។ ពីមួយឆ្នាំទៅមួយឆ្នាំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានក្លាយជាចំណុចប្រសព្វយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់យុវជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានជាមួយនឹងបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្ត ហើយក៏ជាវេទិកាអប់រំ និងបំផុសទេពកោសល្យច្នៃ ប្រឌិតយ៉ាងរស់រវើកដ៏សម្បូរបែប នៃការផលិតភាពយន្តខ្នាតខ្លីកម្ពុជា ។

គួរដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្ត ទៅរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធីបើកមហោស្រព គឺថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ ហើយពិធីបិទមហោស្រពនឹងធ្វើនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥ រសៀល។ ដោយជ័យលាភីលេខ១ នឹងទទួលបានពានមាសមួយ អមដោយថវិកា ១២លានរៀល លេខ២ទទួលបានពានប្រាក់មួយ អមដោយថវិកា ៨ លានរៀល និងលេខ៣ទទួលបានពានសំរឹទ្ធមួយ ថវិកា៤លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់លើក ទឹកចិត្តចំនួន៥ផ្សេងទៀតផងដែរ៕

Share.