សិល្បៈជាតិ៖ ការប្រកាសជាផ្លូវការនៅថ្ងៃជំនួបបវរកញ្ញាចក្រវាលទាំង ៥ជំនាន់ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញជូនថា ហង្ស ម៉ានីតា នឹងនាំឈុតតំណាងជាតិ «រុក្ខទេពធីតា» គ្រងនៅថ្ងៃប្រកួតលើវេទិការអន្តរជាតិនៅលើទឹកដីសហរដ្ឋអាមេរិកនាពេលខាងមុខនេះ។ កម្មវិធីប្រកាសនេះត្រូវបានគាំទ្រ និងរៀបចំយ៉ាងពេញទំហឹង​ពី​ហាង​ពេជ្រ CSN J Samnang Jewelry។

អំពី «រុក្ខទេពធីតា» ត្រូវបានឱ្យអត្ថន័យថា ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ ដែលដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា ហើយសាច់រឿងនោះបានអប់រំមនុស្សឱ្យចេះទប់នូវកំហឹងរបស់ខ្លួន ចេះស្រលាញ់ជីវិតសត្វមនុស្សនឹងធម្មជាតិ ចេះចែករម្លែកសេចក្តីសុខនិងមិនបៀតបៀនបំផ្លាញជីវិតអ្នកដទៃ ចេះរស់នៅដោយសន្និភាពក្នុងការកើតមកមានជីវិតរួមលោកតែមួយ។ រុក្ខជាតិនិងដើមឈើជាចំណែកមួយនៃជីវិតលើផែនដីដែលយើងត្រូវរួបរួមជួយថែរក្សា។

ឈុតនេះត្រូវបាន តំឡើង ដោយ ab studio និង លោក Meak Koun ខណៈដែលវីដេអូ និងរូបថតត្រូវបានផលិតដោយក្រុមអ្នកជំនាញល្បីឈ្មោះAb Studio Shihanokville ដែលធ្លាប់បានថត និងផលិតវីដេអូរូបថតសម្រាប់កញ្ញាឯកល្បីឈ្មោះ និងសិល្បករជាច្រើនកន្លងមកផងដែរ។

នៅថ្ងៃដដែលនោះ កញ្ញា ហង្ស ម៉ានីតា បានប្រាប់អ្នកសារព័ត៌មានយើងថា កញ្ញាស្រឡាញ់ពេញចិត្តឈុត រុក្ខទេពធីតា ខ្លាំងមែនទែន ព្រោះឈុតនេះបានបង្ហាញពីវប្បធម៌ អរិយ្យធម៌របស់ខ្មែរ យ៉ាងពេញលេញ ក្នុងការបង្ហាញជូនអន្តរជាតិបានឃើញ។ កញ្ញាប្រាប់ទៀតថា នៅពេលកញ្ញាបានគ្រងឈុតតំណាងជាតិមួយនេះនៅលើវេទិការប្រកួតនៅសហរដ្ឋអាមេរិក នោះគឺដូចជាកញ្ញាត្រូវបានគ្រងដោយព្រលឹងជាតិកម្ពុជាទាំងមូល ដើរបង្ហាញឱ្យគណៈកម្មការបានឃើញ។

កញ្ញា ហង្ស ម៉ានីតា សង្កត់ធ្ងន់ថា កញ្ញាទទួលបានការបង្វឹកពីសំណាក់គ្រូបង្វឹកមកពីប្រទេសឥណ្ឌាត្រឹមរយៈពេលខ្លីប៉ុណ្ណោះ តែប៉ុន្តែក៏បានស្រូបចំណេះជំនាញដែលខ្វះខាតបានទាំងស្រុងរួចអស់ហើយ។ ចំពោះការត្រៀមខ្លួនគ្រងឈុតតំណាងជាតិគឺដូចគ្នា បើទោះកញ្ញាទៅតែម្នាក់ឯង កញ្ញារំពឹងអាចធ្វើបានដូចគ្នា ដោយសារតែកញ្ញាបានទទួលបានបង្ហាត់បង្ហាញសព្វគ្រប់ជ្រុងជ្រោយពីការគ្រងឈុតតំណាងជាតិ ហើយកញ្ញារំពឹងថា នៅថ្ងៃប្រកួតថ្នាក់អន្តរជាតិនៅអាមេរិក កញ្ញានឹងពុះពារបង្ហាញឱ្យអស់ពីសមត្ថភាព។

ដោយឡែកក្រោយការបង្ហាញឈុតតំណាងជាតិ «រុក្ខទេពធីតា» ជាផ្លូវការហើយនោះ អ្នកគាំទ្ររបស់កញ្ញា ហង្ស មានីតា ក៏បានបញ្ចេញមតិស្រដៀងៗគ្នាថា៖ «Amazing» «Beautiful» «ឈុតតំណាងជាតិស្អាតបានបង្ហាញនូវវប្បធម៌ខ្មែបរវកញ្ញា ហង្ស ម៉ានីតា គ្រងពិតជាស័ក្ដសមនិងរូបរាងកាយរបស់គាត់ណាស់ងាយស្រួលក្នុងការបង្ហាញមិនបង្កជាភាពលំបាកពេលនៅលើឆាកអន្តរជាតិ សូមអោយប្រជាជនខ្មែរជួយគាំទ្រដល់រូបគាត់ផងដើម្បីជាកម្លាំងចិត្ត» «ឈុតនេះស្អាត ប្រណិត Color វិញបាច់និយាយទេ Fullហ្មង👍Best សាហាវ» «ស្អាត ប្រណិត ងាយស្រួលគ្រោង» «ឈុតនេះ Queen ស្លៀកហើយ មិនពិបាកដើរ»។

សូមជម្រាបជូនថា ការប្រកួតបបវរកញ្ញាចក្រវាលពិភពលោកលើកទី៧១ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ នៅលើទឹកដីសហរដ្ឋអាមេរិក ដែលមានបវរកញ្ញាមកពីប្រទេសផ្សេងទាំង៨៦ រូបនឹងចូលរួមដណ្ដើមមកុដដ៏អស្ចារ្យនេះ៕

Share.