នៅក្នុងថ្ងៃគម្រប់ខួប៣៥ឆ្នាំខ្សែប្រយុទ្ធ Karim Benzema បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង ពោលគឺ១ថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ World Cup ២០២២​ នៅប្រទេសកាតា ដែលអាហ្សង់ទីន បានក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ បន្ទាប់ពីស្មើគ្នា ៣-៣ ក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង។

ក្នុងនោះផងដែរ Benzema ក៏បានបដិសេធមិនចូលរួមជាមួយក្រុមជម្រើសជាតិបារាំង ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ World Cup ក្រោយទទួលបានការកោះហៅពីលោក Didier Deschamps ជាពិសេសការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីជាសះស្បើយរបួសភ្លៅ។

Karim Benzema ចូលរួមជាមួយក្រុមជម្រើសជាតិបារាំងដំបូងនៅឆ្នាំ ២០០៤ ក្នុងឈុត U17 បន្តរហូត U18 U19 U21 និងឈុតធំ នៅឆ្នាំ ២០០៧ ដោយបង្ហាញខ្លួនបាន ៩៧ប្រកួត ស៊ុតបាន ៣៧គ្រាប់។ ជួយឲ្យបារាំងឈ្នះពាន UEFA European U-17 នៅឆ្នាំ ២០០៤ និង UEFA Nations League នៅឆ្នាំ ២០២០-២១។

ខ្សែ​ប្រយុទ្ធ​ Karim Benzema គឺជា​កីឡាករ​បារាំង​​ដំបូង​ដែលអាចឈ្នះ​ពាន Ballon d’Or ចាប់​តាំង​ពី​លោក Zidane ឈ្នះ​កាល​ពី​ឆ្នាំ ​១៩៩៨ មកម្ល៉េះ បន្ទាប់ពីទទួលបានសំឡេងនាំមុខគូប្រជែង Sadio Mane របស់ Bayern Munich និង Kevin de Bruyne ខែបម្រើ Manchester City។

រដូវ​កាល​កន្លង​ទៅខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះរក​បាន​២៧​គ្រាប់​ ក្នុង​លីគអេស្ប៉ាញ La Liga និង​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ពាន​រង្វាន់ Champions League ចំនួន១៥​គ្រាប់។ ក្នុង​ចំណោម​នោះ រូប​គេ​រក​បាន​១០​គ្រាប់​ក្នុង​វគ្គ​ចាញ់​ធ្លាក់ ជាពិសេសស៊ុតបាន Hat-tricks លើ​ក្លិប Paris Saint-Germain និង Chelsea៕

Share.