ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា Burn X Flash នឹងចូលរួមកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship ហៅកាត់ M4 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀបចំឡើងដោយក្រុមហ៊ុន Moonton នៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ព្រឹត្តិការណ៍អន្តរជាតិនេះមានក្រុមចំនួន១៦មកពីប្រទេសផ្សេងៗទូទាំពិភពលោក និងត្រូវបានបែងចែកជា៤ពូល ហើយក្នុង១ពូលមាន៤ក្រុម។ ដោយឡែកសម្រាប់ក្រុមកម្ពុជា Burn X Flash ស្ថិតនៅក្នុង A ដែលមានក្រុមខ្លាំងៗដូចជា Blacklist International របស់ប្រទេសហ្វីលីពីនជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ក្រុម Falcon Esports ជាជើងខ្លាំងរបស់ប្រទេសមីយ៉ាន់ម៉ា) និងក្រុម Incendio Supremacy របស់តួកគី។

ក្រុម Burn X Flash និង Coach ដែលនឹងត្រូវចូលរួមព្រឹត្តិការណ៍ M4៖
១. គ្រូបង្វឹក (Coach) John Michael Dizon (ហ្វីលីពីន)
២. កុសល ពិសិដ្ឋ – ATM (កម្ពុជា)
៣. សួ ម៉ារ៉ា – Celichma (កម្ពុជា)
៤. សុខ រ័ត្ន – C Cat (កម្ពុជា)
៥. ទី ឧត្តម – D7 (កម្ពុជា)
៦. Jhonwin Dela Merced Vergara – Hesa (ហ្វីលីពីន)

កីឡាករ កុសល ពិសិដ្ឋ ដែលមានរហ័សនាមថា ATM បានប្រាប់ Troryong News ថា «ក្រុមរបស់ពួកគេបានត្រៀមខ្លួនរួចហើយសម្រាប់ការចូលរួមព្រឹត្តិការណ៍ M4 ហើយនៅក្នុងវគ្គចែកពូលនេះ ត្បិតថាមានក្រុមខ្លាំងនៅជាមួយដូចជា Blacklist International និង Falcon Esports តែក្រុមសង្ឃឹមថានឹងអាចឆ្លងផុតវគ្គចែកពូល»។


កុសល ពិសិដ្ឋ បានបញ្ជាក់ថា «ខ្លួននឹងបង្ហាញស្នាដៃឲ្យពិភពលោកបានស្គាល់កម្ពុជានៅក្នុងប្រភេទកីឡា E-Sport នេះ ហើយបើក្រុមយើងធ្វើបានល្អឈានដល់វគ្គសំខាន់ ក្រុមដែលយើងចង់ជួបប្រកួតគឺក្រុម ONIC E-Sports របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានដៃ Jungler គឺកីឡាករ Kairi ដែលធ្លាប់មានបទពិសោធន៍ច្រើនក្នុងព្រឹត្តិការណ៍ធំៗ និងជាក្រុមជើងឯករងឆ្នាំចាស់ផងដែរ»។


ងាកមកកីឡាករ Hesa ដែលជាចំណូលក្រុមមកពីហ្វីលីពីនបានប្រាប់ថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយដែលដឹងថាក្រុមរបស់ពួកយើង(Burn X Flash) ស្ថិតនៅពូលជាមួយក្រុមហ្វីលីពីន តែនេះគឺជាតួនាទីក្នុងក្រុមដូចនេះ ខ្ញុំនឹងធ្វើឲ្យបានល្អដើម្បីក្រុម»។ សម្រាប់សមាជិកក្រុម Burn X Flash នេះដែរក៏បានបង្ហើបពីកីឡាករមួយរូបដែកក្រុមចង់ជួបប្រកួតគឺ MobaZane ដែលមានវត្តមានចូលរួមក្នុងព្រឹត្តិការនេះដែរ និងស្ថិតនៅក្នុងក្រុម The Valley មកពីអាមេរិកខាងជើង។

ការប្រកួតត្រូវបានបែងចែកជាពីរដំណាក់កាលគឺវគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែមករា និងវគ្គចាញ់ធ្លាក់ ឈ្នះឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៧ ដល់ទី១៧ ខែមករា ឆ្នាំ២០២៣។ នៅថ្ងៃទី១ ក្រុមកម្ពុជានឹងប៉ះជើងខ្លាំងរបស់មីយ៉ាន់ម៉ា ក្រុម Falcon Esports ដែលទើបតែដណ្ដើមបានជើងឯកក្នុងការប្រកួត MLBB ឆាកអន្តរជាតិដំបូងបង្អស់ក្នុងប្រទេសកម្ពុជា SMART KINGDOM OF LEGENDS: SEA RIVALS កាលពីពេលថ្មីៗនេះ។


ខាងក្រោមនេះជាវគ្គក្នុងពូលសម្រាប់ក្រុមទាំង១៦មកពីប្រទេសផ្សេងៗទូទាំពិភពលោកមាន៖

  • ពូល A៖ Blacklist International (ហ្វីលីពីន), Burn X Flash (កម្ពុជា), Falcon Esports (មីយ៉ាន់ម៉ា) និង Incendio Supremacy (តួកគី)។
  • ពូល B៖ Malvinas Games (អាហ្សង់ទីន), MDH Esports (វៀតណាម), ONIC Esports (ឥណ្ឌូនេស៊ី) និង TODAK (ម៉ាឡេស៊ី)។
  • ពូល C៖ ECHO (ហ្វីលីពីន), Occupy Thrones (អេហ្ស៊ីប), RRQ Hoshi (ឥណ្ឌូនេស៊ី), និង RSG Singapore (សិង្ហបុរី)។
  • ពូល D៖ RRQ Akira (ប្រេស៊ីល), S11 Gaming Angentina (ប៊ូឡាវី), Team HAQ (ម៉ាឡេស៊ី), និង The Valley (អាមេរិកខាងជើង)។

នេះជាលើកទី៤ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១នៅឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ នៅចុងឆ្នាំ២០២១ ក្រុម See You Soon ដែលជាព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash រៀបចំការប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។

គួររំលឹកថាកាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក។ សម្រាប់ព្រឹត្តិការណ៍ M4 នៅឆ្នាំនេះ មានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែល​នឹង​ត្រូវ​បែងចែកទៅតាម​ចំណាត់​ថ្នាក់។

គួរបញ្ជាក់ដែរថា ក្រុម Burn X Flash បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH League 2022 វគ្គ Autumn Split សម្រាប់វិញ្ញាសា Mobile Legends: Bang Bang នៅកម្ពុជាបន្ទាប់ពីឈ្នះក្រុម Logic Esports ក្នុងវគ្គផ្តាច់ព្រ័ត្រ ទទួលបានកៅអីចូលរួមប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ Moonton នៅដើមខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕

Share.