សិល្បៈជាតិ៖ នាពេលថ្មីៗនេះ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ម្ចាស់បទ «ព្រះច័ន្ទ» គឺកញ្ញា អេន ជេឡា កំពុងតែចាប់ដៃគូគ្នាជាមួយគ្រូភ្លេងម្នាក់ធ្លាប់ល្បីឈ្មោះនៅហង្សមាស ដើម្បីត្រៀមបញ្ចេញនូវស្នាដៃថ្មីពញ្ញាក់​អារម្មណ៍អ្នក​គាំទ្រ​នៅ​ដើម​ឆ្នាំ ​២០២៣​ខាងមុខនេះ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ប្អូនស្រីតារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន រូបនេះ បានបញ្ចេញវីដេអូសកម្មភាពហាត់សមបទចម្រៀងជាមួយលោកគ្រូភ្លេង មាស សុគន្ធ ហៅ អួយ ដែលគ្រប់គ្នាស្គាល់ថាជាគ្រូភ្លេងធ្លាប់ផលិតបទល្បីៗឱ្យផលិតកម្មហង្សមាស។ វីដេអូហាត់សមភ្លេងនោះ មើលទៅអ្នកទាំងពីរខិតខំប្រឹងប្រែងសម្រិតសម្រាំងតិចនិកសំខាន់ៗក្នុងការច្រៀងយ៉ាងខ្លាំង។ ជាពិសេសដើម្បីឱ្យបទភ្លេងថ្មីនេះ បញ្ចេញទៅស៊ីអារម្មណ៍ចាក់ដល់បេះដូងអ្នកស្ដាប់។

តាមសម្ដីរបស់អ្នកគ្រប់គ្រងទីផ្សារតារាចម្រៀង អេន​ ជេឡា​ បានប្រាប់អ្នកសារព័ត៌មានត្រយងថា ស្នាដៃថ្មីមួយនេះគឺជាចំណងដៃសម្រាប់អ្នកគាំទ្ររបស់ អេន​ ជេឡា​ នៅអំឡុងដើមឆ្នាំ២០២៣ បន្តែសុំលាក់ចំណងជើងបន្តិចសិន ដើម្បីឱ្យហ្វេនបានភ្ញាក់ផ្អើលបន្តទៀត។ ហើយចុងឆ្នាំ២០២២នេះ ក៏មានមួយបទទៀតដែលត្រៀមនឹងបញ្ចេញដូចគ្នា មានចំណងជើងថា «អធិដ្ឋាន»

លោកបានបញ្ជាក់ទៀតថា ការដែលតារាចម្រៀងស្រី អេន​ ជេឡា​ ងាកមកចាប់ដៃគូជាមួយគ្រូភ្លេង អួយ នោះក៏ព្រោះតែចង់ឱ្យហ្វេនអ្នកគាំទ្រទទួលអារម្មណ៍ប្លែកថ្មីមួយ ព្រោះថាគ្រប់គ្នាបានទន្ទឹងចាំបទថ្មីរបស់កញ្ញាយូរណាស់ហើយដែរ។

សម្រាប់អ្នកគាំទ្រទាំងអស់ចង់ស្ដាប់បទចម្រៀងថ្មីៗរបស់តារាចម្រៀងស្រី អេន​ ជេឡា​ អាចតាមដាននៅលើហ្វេសប៊ុកផេករបស់កញ្ញាជាផ្លូវការមានឈ្មោះ Angellaអែនជេឡា និងនៅយូធូបផ្ទាល់ដែលឈ្មោះឆាណែល Angella -Official ។ កុំភ្លេចរង់ចាំតាមដានបទថ្មីនេះទាំងអស់គ្នាណា!

តោះមកស្ដាប់បទ «ព្រះច័ន្ទ» ជាមុនសិន៖

Share.