ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda បានបំបែកកំណត់ត្រាថ្មី បន្ទាប់ពីចាយពេលជិតពីរទស្សវត្សទើបអាចបំបែកបាន ក្រោយឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៣-២ ជំនួបបើកឆាកពូល A ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ពូល A នាល្ងាចថ្ងៃទី២០ ខែធ្នូ។

៣គ្រាប់របស់ក្រុមជម្រើសជាតិកម្ពុជា ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង នៅនាទី១៦,៥៦ និងខ្សែបម្រើ អ៊ន ចាន់ប៉ូលីន នៅនាទី២០ ខណ:២គ្រាប់របស់ហ្វីលីពីន ស៊ុតដោយខ្សែប្រយុទ្ធ Kenshiro Michael Lontok ម្នាក់ឯង។

សម្រាប់ជំនួប៦លើកចុងក្រោយជិតពីរទស្សវត្សរបស់ក្រុមជម្រើសជាតិកម្ពុជា និងហ្វីលីពីន កន្លងមកឃើញថាហ្វីលីពីន ធ្លាប់ឈ្នះ៤លើក និងស្មើគ្នា២លើក៖
-ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ហ្វីលីពីន ១-០ កម្ពុជា វគ្គជម្រុះ AFF Suzuki Cup
-ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨ កម្ពុជា ២-៣ ហ្វីលីពីន វគ្គជម្រុះ AFF Suzuki Cup
-ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១០ ហ្វីលីពីន ០-០ កម្ពុជា វគ្គជម្រុះ AFF Suzuki Cup
-ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១២ កម្ពុជា ០-០ ហ្វីលីពីន ក្នុងជំនួបមិត្តភាពអន្តរជាតិ
-ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៣ កម្ពុជា ០-៨ ហ្វីលីពីន វគ្គជម្រុះ AFC Challenge Cup
-ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ហ្វីលីពីន ៣-០ កម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ។

ការប្រកួតបន្ទាប់នៅក្នុងពូល A ក្រុមជម្រើសប្រ៊ុយណេ នឹងត្រូវខ្ចីដីម៉ាឡេស៊ី គីកីឡដ្ឋាន Kuala Lumpur ដើម្បីទទួលថៃ សម្រាប់ជំនួបលើកដំបូងរបស់ខ្លួនរយ:ពេល២៦ឆ្នាំក្នុងពាន AFF Championship នៅវេលាម៉ោង ៨:៣០នាទីយប់៕

Share.