សិល្បៈជាតិ៖ ដំណឹងដែលសារព័ត៌មានត្រយងបានទទួលមកនាពេលថ្មីៗនេះថា បងប្រុសអ្នកនាង សឿ​ សុធារ៉ា គឺលោក សឿ រ៉ាវុធ បានផ្ដាំផ្ញើប្អូនស្រីនឹងអ្នកដឹក​នាំ​រឿង​ កៅ​ សីហា ជាលើកចុងក្រោយមុនពេលលោកបានលាចាកលោកនេះទៅ។ នេះហើយគឺជាហេតុផលដែលលោក កៅ សីហា ព្យាយាមស្រោច​ស្រង់​ជីវិតអ្នក​នាង​ពីសំណុចសូន្យមកវិញ ក្រោយជួបរឿងរ៉ាវព្យុះភ្លៀងជាច្រើនកន្លងមកនេះ។

លោក កៅ សីហា បានបង្ហោះសារយ៉ាងវែងអន្លាយថា ក្រោយពេលអ្នកនាង សុធារ៉ា ជួបបញ្ហាជីវិតពិតធ្លាក់ដល់ចំណុចសូន្យ លោកបាននឹកភ្នកគិតដល់សម្ដីរបស់បងប្រុសរបស់អ្នកនាង គឺលោក សឿ រ៉ាវុធ ដែលបានផ្ដាំផ្ញើមុនលាចាកលោក សូមឱ្យយជួយមើលថែអ្នកនាងធារ៉ាផង។ អ្នកនាង សឿ សុធារ៉ា មានចំណងប្រាំប្រការក្រោយចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ចុះអេតាស៊ីវិលពេញលេញជាមួយនឹងអតីតស្វាមី គឺលោកសាពូនមីដាដា ដែលជាតារាចម្រៀងអាជីពធ្លាប់មានប្រជាប្រិយភាពខ្ពស់កាលពីអំឡុងឆ្នាំ២០០០ជាង។ អ្នកនាងបានចាប់អាជីពសម្ដែងក្រោមការឃុំគ្រងមើលថែយ៉ាងដិតដល់របស់បងប្រុសខ្លួន តាំងពីអាយុ១៤ឆ្នាំ។

លោក កៅ សីហា លើកឡើងទៀតថា ៖ « នាឆ្នាំ២០១៩ ខ្ញុំបានទាក់ទងទៅកាន់ធារ៉ា ដើម្បីយកនាងមកសម្ដែងក្នុងខ្សែភាពយន្តភាគខ្នាតធំនិទានអំពីសម័យអាណានិគមបារាំងរបស់ខ្មែរ ដែលរស់ក្រោមនឹមត្រួតត្រាអស់រយៈពេល៩០ឆ្នាំគត់។ កាលនោះ ធារ៉ា បោះបង់អាជីពសម្ដែងជាង១០ឆ្នាំមកហើយ ហើយខ្ញុំបាននាំយកធារ៉ាវិលមកឆាកសម្ដែងវិញ ដោយឱ្យនាងសម្ដែងនូវរសជាតិថ្មីដែលនាងមិនធ្លាប់ប្រឡូកកន្លងមក» ។ លោកបន្តថា អ្នកនាង សឿ សុធារ៉ា ត្រូវបានលោកយកមកច្នៃជាថ្មី សាងរូបភាពមួយដែលមហាជនមិនដែលឃើញពីមុនមក គឺតួកាចឆ្នាស់ឆ្នើម។ ក្នុងរឿង «ឫស្យា» គឺវាលើសពីការសម្ដែងជាតួកាចឆ្នាស់ អ្នកនាងត្រូវរ៉ាប់រងអារម្មណ៍២ក្នុងពេលតែមួយគឺតួអង្គភ្លោះ ស្លូត និងកាច។ មហាជនដែលធ្លាប់តាមដានទស្សនារឿង ឫស្យា ប្រាកដជាជ្រាបច្បាស់ហើយអំពីសមត្ថភាពសម្ដែងផ្លាស់ប្ដូររបស់ពីតួអង្គទឹកភ្នែកមកជាតួអង្គកាចឆ្នាស់ពោរពេញដោយល្បិចកលគ្មានក្ដីមេត្តា គឺនាងផល្លី និងនាងផល្លា ដែលជាប្រពន្ឋទី១ និងប្រពន្ឋទី២ របស់ដង្ខៅសម្បត្តិដែលសម្ដែងដោយលោក ញ៉ែម សុគន្ធ។

អ្នកដឹកនាំរឿងភាគបុរាណ ឫស្យា បានបន្តថា៖ «ខណៈនេះខ្ញុំបានពាំនាំ សឿ សុធារ៉ា ជាថ្មីម្ដងទៀតក្រោយព្យុះជីវិតពិតរបស់នាងបានបក់បោកហួសកន្លងទៅ មកចូលរួមសម្ដែងជាតួអង្គ នាងនួន ក្នុងរឿងម្ចាស់កីតម្បាញ ដែលជាភាពយន្តភាគខ្នាតធំទី២ បន្ទាប់ពីរឿង ឫស្យា»។ នាងនួន ជានារីក្រមុំព្រហ្មចារីយ៍ មានរូបឆោមលោមពណ៌ល្អស្រស់ស្រទន់ រាយមន្តស្នេហ៍ តែគ្មានកន្លង់ណាហ៊ានក្បែរ ឬនាងប្រាថ្នាជាគូនោះឡើយ។

តើនាងនួន មានចំណងបញ្ហាចាក់ស្រេះសបែបណាខ្លះ ក្នុងដំណើររឿង របស់ភាពយន្តខ្នាតធំ ដែលមានចំណងជើងថា ម្ចាស់កីតម្បាញ ក្រោមស្នាដៃនិពន្ឋរបស់កវី យូ សុភានេះ។ លោកអ្នកនឹងបានដឹងច្បាស់អំពីដំណើរនៃការនិទានដើមទងនៃស្នេហារបស់នាង និងដំណើរជីវិតរបស់នាងនួនរស់នៅក្នុងសម័យកាលលង្វែករបស់ខ្មែរនាអំឡុងឆ្នាំ 1400 ជាងនេះ?

សូមជម្រាបផងដែរថា ក្រៅពីជួយជម្រោងជ្រែងអ្នកនាង សឿ សុធារ៉ា ឱ្យបានសម្ដែងនៅក្នុងរឿង «ម្ចាស់កីតម្បាញ» ហើយនោះ លោក កៅ សីហា ក៏បាននាំកូនស្រីអ្នកនាង គឺនាងតូច សាពូន ដារ៉ាពិមាន ចូលរួមសម្ដែងនៅក្នុងរឿងនេះផងដែរ។ នាងតូចគឺជាក្មេងស្រីមានឈាមជ័រអ្នកសិល្បៈពេលខ្លួន ហើយកំពុងតែពន្លឺចែងចាំងរះលើវិថីសិល្បៈដូចម្ដាយដែរ។

Share.