ក្រោយចប់ការប្រកួតលោក Josep Ferré Ybarz គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហ្វីលីពីន បានលើកឡើងពីការប្រកួតក្នុងសន្និសីទ​សារព័ត៌មាន ដោយលោកគិតថាកូនក្រុមរបស់លោកគួរតែរកគ្រាប់បន្ថែមទៀត ពោលគឺមិនសមបញ្ចប់លទ្ធផលចាញ់កម្ពុជា ក្នុងលទ្ធផល ៣-២ ឡើយ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៣៩ឆ្នាំរូបនេះថ្លែងដូច្នេះថា៖«ជាដំបូងសូមអបអរដល់ក្រុមជម្រើសជាតិកម្ពុជា ចំពោះជ័យជម្នះ, ហើយសប្តាហ៍ដំបូងរបស់ខ្ញុំជាគ្រូបង្វឹកហ្វីលីពីន ខ្ញុំគិតថាក្រុមរបស់ខ្ញុំធ្វើមិនបានដូចការរំពឹងទុកឡើយ»។

«បន្ទាប់ពីតាមបាន ២-២ ពួកយើងចាប់ផ្តើមមានឱកាសច្រើនជាងមុន គ្រប់គ្រងបាល់បានច្រើនជាងមុន ខ្ញុំគិតថាយ៉ាងហោចណាស់ពួកយើងសមនឹងស៊ុតបញ្ចូលទីបន្ថែមទៀត ប៉ុន្តែពួកយើងមិនអាចឡើយ ហើយបញ្ចប់លទ្ធផល ៣-២ ធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់ចំពោះរឿងនេះ»។

ការប្រកួតបន្ទាប់គោព្រៃ ត្រូវជួប ឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta ខណ:ហ្វីលីពីន ត្រូវជួប ប្រ៊ុយណេ នៅកីឡដ្ឋាន Rizal Memorial វេលាម៉ោង ៦:០០នាទីល្ងាច។

ចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖
1.ថៃ ៣ពិន្ទុ
2.កម្ពុជា ៣ពិន្ទុ
3.ឥណ្ឌូនេស៊ី មិនទាន់ប្រកួត
4.ហ្វីលីពីន សូន្យពិន្ទុ
5.ប្រ៊ុយណេ សូន្យពិន្ទុ៕

Share.