សិល្បៈជាតិ៖ ថ្មីៗនេះគេសង្កេតឃើញមានជនខិលខូចមួយចំនួនបានយករូបភាពរបស់តារាចម្រៀងជួរមុខ ឱក​ សុគន្ធកញ្ញា ទៅបង្ហោះបោកបញ្ឆោតគ្រប់ទម្រង់សកម្មភាពផ្សេងនៅលើហ្វេសប៊ុក ដែលជាទង្វើបំពល់សង្គម។ ទង្វើនេះត្រូវបានអ្នកគាំទ្រថ្កល់ទោសចំពោះជនខិលខូចទាំងនោះយ៉ាងខ្លាំង ព្រោះជាទង្វើនាំឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់អ្នកនាង ឱក​ សុគន្ធកញ្ញា។

ដូចបានដឹងមកហើយថា តារាចម្រៀងជួរប្រចាំផលិតកម្មហង្សមាសគឺអ្នកនាង ឱក សុគន្ធ​កញ្ញា ត្រូវបានអ្នកគាំទ្រចាត់ជា «កំពូលតារាចម្រៀង» មួយដួងក្នុងដួងចិត្តគ្រប់ស្រទាប់ជាន់ថ្នាក់​​ ដោយមានស្នាដៃជាច្រើនទៀតក្នុងវិស័យសិល្បៈ។ អ្នកនាងបានកសាងកេរ្តិ៍ឈ្មោះល្អក្នុងសង្គម ត្រូវបានចាត់ទុកថា​ជាបុគ្កលឆ្នើមមួយរូប ធ្វើឱ្យមានការកោតសរសើ​ស្ទើរគ្រប់មជ្ឈដ្ឋានអ្នកគាំទ្រ។

យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រគួរដឹងនិងប្រុងប្រយ័ត្នកុំឱ្យចាញ់បោកគេក្នុងរូបភាពណាមួយនោះគឺ គណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺមានតែមួយទេ Aok Sokunkanha – ឱក សុគន្ធកញ្ញា និងមានសញ្ញា​ Blue​ Tick ដែលជាការសម្គាល់ទទួល​ស្គាល់​ Verify ពី​ក្រុមហ៊ុនហ្វេសប៊ុកតែម្ដង​។

Share.