សិល្បៈជាតិ៖ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ បានប្រកាសបិទជាផ្លូវការកាលពីរាត្រីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២នេះ និងបានរកឃើញ​អ្នក​ដឹកនាំ​រឿង​ខ្លី​វ័យក្មេងឆ្នើម​ៗ​ទទួលបានពានរង្វាន់ពីមហោស្រព។

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាឆ្នាំ២០២២ នេះត្រូវបានរៀបចំឡើងតាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន៣៥ចំណងជើងបានដាក់ចូលរួមប្រកួតប្រជែង ព្រមទាំងចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ។

គណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រចំនួន៧រូបបានពិនិត្យវាយតម្លៃស្នាដៃភាពយន្តខ្លីលេចធ្លោទាំង ៦ស្នាដៃចុងក្រោយ ដើម្បីជ្រើសរើសផ្តល់ពានរង្វាន់ប្រចាំមហោស្រព និងពានរង្វាន់លើកទឹកចិត្ត។ ក្នុងនោះរួមមានស្នាដៃភាពយន្តខ្លីដែលមានចំណងជើង «ជីវិតស្នេហ៍សុខសាន្ត» «សំឡេងរាត្រី» «The keyboard»​ «ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឱ្យ» «បាត់បង់ខ្លួនឯង» និងរឿង «មុនពេលបាត់»។

សម្រាប់ឆ្នាំ ២០២២នេះ ពានរង្វាន់មាស គឺបានទៅលើអ្នកដឹកនាំរឿងវ័យក្មេង សុធា អ៊ីណេស ភាពយន្តខ្លី «ជីវិតស្នេហ៍សុខសាន្ត» ពានរង្វាន់ប្រាក់ប្រគល់ឱ្យលោក សាង ច័ន្ទវិសាល តាមរយៈភាពយន្ត «ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឱ្យ» និង ពានរង្វាន់សំរិទ្ធ ត្រូវបានឈ្នះដោយលោក ជ័យ វិសាល តាមរយៈភាពយន្ត «The keyboard»​។ ក្រៅពីនេះក៏មានផលិតករវ័យក្មេងជាច្រើនរូបទៀតបានទទួលពានរង្វាន់ពិសេសពីគណៈកម្មការ និងការផលិតមាតិកាល្អបំផុត។

សូមជម្រាបផងដែរថា ចំពោះជយលាភីលេខ១ នឹងទទួលបានពានមាសមួយអមដោយថវិកា ១២លានរៀល ជយលាភីលេខ២ទទួលបានពានប្រាក់មួយអមដោយថវិកា ៨លានរៀល និងលេខ៣ទទួលបានពានសំរឹទ្ធមួយ ថវិកា ៤លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀតផងដែរ៕

Share.