សិល្បៈជាតិ៖ តាមការប្រកាសរបស់លោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំរឿង «ធ្មប់» បានឱ្យដឹងថា លោកបានទទួលឱកាសពីផលិតកម្ម LD​ ក្នុងការដឹកនាំសម្ដែងភាពយន្តថ្មីមួយដែលជាប្រភេទរឿងរន្ធត់លួសព្រលឹង សម្រាប់បញ្ចាំងឆ្នាំ ២០២៣ ខាងមុខនេះ។

លោក ហ៊ុយ យ៉ាឡេង បានបង្ហោះរូបភាពក្រុងពាលីរឿងកាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២នេះ ដោយលោកបានបញ្ជាក់ថារឿងថ្មីនេះមានចំណងជើងថា «ខ្មោចចូល» ដែលពាក់ព័ន្ធជាមួយអបិយជំនឿរបស់ខ្មែរពីបុរាណកាល។

សម្រាប់រឿងដែលគ្រោងថតឱ្យផលិតកម្ម LD នាពេលឆាប់ៗនេះ មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា លោក ជា សំណាង អ្នកមីងគ្រត កញ្ញាអេឡា លោកដានីន និងតារាកិត្តិយសជាច្រើនដួងទៀត។

ភាពយន្តរន្ធត់ «ខ្មោចចូល» ត្រូវបានដកស្រង់ចេញពីប្រលោមរបស់លោក ហ៊ុយ យ៉ាឡេង ផ្ទាល់ដែលធ្លាប់បានបោះពុម្ពផ្សាយ។ រឿងនេះត្រូវបានតំណាលពី ឧត្តមជានាយទាហានដែលបាត់ខ្លួនក្នុងរបបសាធារណរដ្ឋ គ្រួសារគិតថាឧត្តមស្លាប់ ក៏ប៉ុន្តែស្រាប់តែថ្ងៃមួយបានលេចវត្តមានឧត្តមនៅមុខផ្ទះ គ្រប់គ្នាស្រឡាំងកាំងពិសេសគឺសុភាដែលភរិយាឧត្តមស្ទុះមកឧិបប្តីទាំងទឹកភ្នែក នៅរាត្រីនោះគ្រួសារឧត្តមបានធ្វើពិធីជប់លាងអបអរប្តីត្រឡប់មកវិញ ឧត្តមស្រវឹងបានអួតហេតុអ្វីគេមិនស្លាប់ព្រោះគេមានខ្នាយបារមីដែលគ្រូគេបានអោយ គ្រប់គ្នាភ្ញាក់ផ្អើលនឹងខ្នាយនោះ ឧត្តមស្រវឹងដល់ក្អួតសន្លប់ត្រូវកូនទាហានសែងចូលដេក ។

ព្រឹកឡើងឧត្តមត្រូវភរិយាហៅកាត់សក់ ឧត្តមដើរធ្នឹងមិននិយាយស្តីទៅកន្លែងកាត់សក់ ពូសុខជាងកាត់​សក់​រៀប​យក​កន្រ្តៃកាត់សក់តែត្រូវឧត្តមធ្វើកាយវិកាចង្អុលអោយកោពុកមាត់សិន ទាំងអស់គ្នាខ្លាចឧត្តមដែលបើកភ្នែកធំៗមិននិយាយស្តីសោះ ជាងកោពុកមាត់ឧត្តមទាំងភ័យខ្លាច គ្រាន់តែកោពុកមាត់រួចឧត្តមរាងញញឹមបន្តិច ជាង​ទាញ​កន្រ្តៃរកកាត់សក់ម្តង គ្រាន់តែជាងទាញកន្ត្រៃរកកាត់ឧត្តមឆក់យកកន្ត្រៃចាក់ចំកណ្តាលភ្លៅជាង ជាងស្រែកអូយដោយក្តីឈឺចាប់ កូនទាហានរត់មកចាប់ឧត្តមសោភារត់មកតក់ស្លុតយ៉ាងខ្លាំង ឧត្តមស្រែកដូចបីសាចហើយក៏សន្លប់ រឿងរ៉ាវខ្មោចចូលត្រូវចាប់ផ្តើមឡើង ។

Share.