សិល្បៈជាតិ៖ ក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈបានចេញសេចក្ដីប្រកាសពី ការចាត់វិធានការតឹងរឹងចំពោះបរិវេណកុដិបុរាណចំនួន ៣ដែលបានវាយកម្ទេចក្នុងវត្តឧណ្ណាលោម នឹងមិនឱ្យសាងសង់អ្វីថ្មីនៅបរិវេណនោះទេ រហូតទាល់តែមានដំណោះស្រាយតាមនីតិវិធីនានាត្រូវបានបញ្ចប់។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈ បានលើកឡើងថា សូមសាធារណជនទាំងអស់ មេត្តាជ្រាបថា ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣,៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ ១៩៣០ ក្នុងបរិវេណវត្ត ឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះ ស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឱ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមាន ជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។

សូមជម្រាបថា សកម្មភាពរុះរើវាយបំផ្លាញកុដិបុរាណចំនួន៣ គឺ កុដិលេខ ៤៣ ៤៤ និង៤៥ នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថាជាទង្វើផ្ទុយនឹងច្បាប់ ព្រោះក្រសួងបានចាត់ទុកកុដិទាំងនេះជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៧។

Share.