សិល្បៈ​ជាតិ៖ ម្សិលមិញ​ (២៣ ធ្នូ) ​ប្អូន​ៗ​ប្រឡង​បាក់ឌុប​នៅ​មណ្ឌល​រាជធានី​បាន​ដឹង​លទ្ធផល​ជាប់​ឬធ្លាក់​រួច​រាល់​ហើយ​។ ​ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​​​ចុះ​ឈ្មោះ​ប្រឡង​ ១២៨.១៣៤ នាក់ ​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​សរុប​ ៩០៩៥០ នាក់​ ដោយ​ក្នុង​នោះ​មាន​ប្អូន​ប្រុស​របស់​តារា​ចម្រៀង​ សុវត្ថិឌី ធារីកា​ ម្នាក់​ផង​ដែរ​។ ជាមួយ​នឹង​ក្ដី​អំណរ​ដែល​ប្អូន​ប្រុស​ខ្លួន​​នាង​បាន​ប្រឡង​ជាប់​ ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​បាន​សម្ដែង​អារម្មណ៍​អាណិត​​ស្រណោះ​ចំពោះ​តារា​​វ័យ​ក្មង​រូប​នេះ​។

ជាការ​ពិត​ណាស់​ការ​ប្រឡង​បាក់ឌុប​ ឬ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ប្រៀប​ដូច​ជា​ការ​កំណត់​វាសនា​និង​អនាគត​របស់​យុវជន​ផង​ដែរ​ ព្រោះ​អ្នក​ដែល​មាន​សមត្ថភាព​អាច​ឆ្លង​ផុត (ជាប់​) មាន​ឱកាស​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ជា​​ដើម​ទុន​ជីវិត​។ ដូច្នេះហើយការ​ប្រឡង​ពិត​ជា​សំខាន់​ណាស់​សម្រាប់​យុវជន​ថ្នាក់​ទី​១២​ ពួក​គេ​អាច​ចាប់​ក្ដី​ស្រមៃ​ឬ​សម្រេច​ក្ដី​ស្រមៃ​បាន​គឺ​អាស្រ័យ​លើ​ការ​ប្រឡង​នេះ​។

ក្នុង​នាម​ជា​បងស្រី​ផង​ ជា​ឪពុក​ម្ដាយ​ផង​ កញ្ញា​ សុវត្ថិឌី ធារិកា បាន​ចេញ​មក​បង្ហោះ​ចែក​រំលែក​ដំណឹង​ល្អ​ជាមួយ​នឹង​បងប្អូន​អ្នក​គាំទ្រ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ ខណៈ​ដែល​ប្អូន​ប្រុស​ត្រួយ​បណ្ដូល​ចិត្ត​តែ​ម្នាក់​បាន​ប្រឡង​ជាប់​បាក់​ឌុប​ ត្រៀម​ឈាន​ជើង​ចូល​មហាវិទ្យាល័យ​ដើម្បី​ចាប់​ជំនាញ​ណា​មួយ​ដើម្បី​យក​ជា​ទុន​ជីវិត​​សម្រាប់​ថ្ងៃ​អនាគត​។

ក្រៅ​ពី​​ចូលរួម​អបអរ​សាទរ​ហើយ​នោះ​ បងប្អូន​អ្នក​លេង​បណ្ដាញ​សង្គម​ ហាក់​ដូច​ជា​​នឹក​ស្រណោះ​ដល់​បងប្អូន​កម្សត់​ទាំង​ពីរ​ដែល​ត្រូវ​ព្រាត់​ពី​អ្នក​មាន​គុណ​យ៉ាង​ឆាប់​រហ័ស​ ហើយ​អ្នក​មាន​គុណ​​មិន​បាន​ឃើញ​ជោគជ័យ​របស់​កូន​ប្រុស​ពៅ​ដែល​សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អ​។

សារព័ត៌មាន​ត្រយង​សូម​ជូន​ពរ​ប្អូនប្រុស​របស់​ប្អូន​ស្រី​ សុវត្ថិឌី ធារិកា ឱ្យ​បន្ត​ទទួល​បាន​ជោគជ័យ​ជា​បន្ត​ទៀត​ ជា​ពិសេស​នៅ​ក្នុង​ជីវិត​ជា​និស្សិត​ក្នុង​របង​មហាវិទ្យាល័យ​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

Share.