លោកស្រី Nualphan Lamsam ឈ្មោះ​ក្រៅ​ថា «Madam Pang» អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិថៃ សន្យាផ្តល់ប្រាក់ ៥លានបាត (ស្មើនឹង១៤ម៉ឺនដុល្លារ) បើសិនអាចឈ្នះពានរង្វាន់ AFF Mitsubishi Electric Cup 2022។

គួរបញ្ជាក់លោកស្រី Nualphan Lamsam ដែល​ជា​អ្នកជំនួញ​ជោគជ័យ ត្រូវបានសហព័ន្ធ​បាល់ទាត់​ថៃ (FAT) បាន​សម្រេច​តែងតាំងជា​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃផ្នែកបុរស​ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ២០២១កន្លង​ទៅ​ ដើម្បី​ជំនួស​តំណែង​លោក Akira Nishino គ្រូបង្វឹក​ជនជាតិ​ជប៉ុន ដែល​បានចាកចេញ បន្ទាប់​ពីដឹកនាំ​ថៃធ្លាក់ចេញពី​​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 តំបន់​អាស៊ី។

ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តង និងចុងក្រោយចាប់ពីឆ្នាំ២០២២ តទៅប្រើឈ្មោះជាAFF Mitsubishi Electric Cup វិញម្តង។

គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិថៃ ជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៦លើក ហើយសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ សម្រាប់ក្រុមឥណ្ឌូណេស៊ី ជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្របានច្រើនជាងគេរហូតដល់៦លើក តែបរាជ័យរហូត៕

Share.