បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនតៃកុងរថយន្តកុងតឺន័រម្នាក់ លួងលោមក្មេងស្រីម្នាក់អាយុទើបតែ១៣ឆ្នាំ ទៅកាន់នគរបាលជំនាញនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។


លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ពៅ សុខឃឿន ហៅតឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរឡានកុងទីន័រ ទីលំនៅបច្ចុប្បន្នភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ជនសង្ស័យបានលួងលោមក្មេងស្រី ឈ្មោះ ឡ ប ឡ ភេទស្រី អាយុ១៣ ឆ្នាំ ធ្វើការរំលោភរហូតដល់ទៅ ៨ ដង ដែលរំលោភចុងក្រោយនៅក្នុងខែ ធ្នូ ឆ្នាំ២០២២ ត្រូវបានម្តាយមីងក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង រួចស្រាវជ្រាវនាំខ្លួនជនសង្ស័យមកសួរនាំ។


លោកវរសេនីយ៍ឯក សៅ សារឿន បញ្ជាក់ថា ជនសង្ស័យបានសារភាពថា កាលពីខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ រូបគេពិតជាបានលួងលោមរួមភេទជាមួយក្មេងស្រី អាយុ១៣ឆ្នាំ ចំនួន៥ដង នៅចំណុចបរិវេនការាស់ឡានរបស់ឈ្មោះ មឿន មុំ ភេទស្រី នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិតមែន។


បច្ចុប្បន្នក្រោយសួរនាំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អត្ថបត៖ ប៉ោយប៉ែត

Share.