សិល្បៈ​អន្តរជាតិ​៖ ជា​ថ្មី​ម្ដង​ទៀត​ ប្រធាន​បទ​ដែល​មហាជន​លើក​យក​មក​រិះគន់​ចំពោះ​ Taylor Swift ចាប់​ផ្ដើម​មាន​ការ​ចាប់​អារម្មណ៍ជា​ថ្មី​ ជា​ពិសេស​ការ​បង្កើត​ CO2 (កាបោន​ឌីអុកស៊ីត) ដែល​បង្ក​ឡើង​ដោយ​យន្តហោះ​ផ្ទាល់​ខ្លួន​របស់​​នាង​។

មែនទែន​ទៅ​រហស្សនាម​ឧក្រិដ្ឋជន​បំផ្លាញ​បរិស្ថានដែល​ត្រូវ​បាន​គេ​យក​មក​ដាក់​ឱ្យ​ Taylor នេះ​ ពីដំបូង​គឺ​ជា​របស់​តារា​សម្ដែង​ Kylie Jenner ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ទៅណា​មក​ណា​ដោយ​ប្រើ​យន្តហោះ​ផ្ទាល់​ខ្លួន​ ព្រោះ​មាន​អ្នក​ចេញ​មក​ទម្លាយ​នៅ​លើ​បណ្ដាញ​ Twitter ថា​ Kylie ចូលចិត្ត​ជិះ​យន្តហោះដោយ​មាន​ការ​ហោះ​ហើរ​ខ្លះ​ប្រើ​ពេល​ត្រឹម​៣​នាទី​ក្ដី​។

យ៉ាង​ណា​មិញ​នៅពេល​ដែល​មាន​ការ​ចេញ​មក​ទម្លាយ​បន្ថែម​ឱ្យ​ដឹង​ថា​ចំនួន​ CO2 ដែល​បង្ក​ឡើង​ដោយ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​របស់​ Kylier មិន​ច្រើន​ដល់​បរិមាណ​ដែល​បង្កើត​ឡើង​ដោយ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​របស់​ Taylor នោះ​ឡើយ​។

កន្លង​មក​គេ​តែង​តែ​ចាត់​ទុក​ Kylier Jenner គឺ​ជា​តារា​ដែល​បំពុល​បរិស្ថាន​ដោយ​សារ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​នៅពេល​ដែល​គេ​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​ឃើញ​ថា​តារា​រូប​នេះ​ស្ថិត​ក្នុង​បញ្ជី​តារា​ដែល​ហោះ​ហើរ​ដោយ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​ត្រឹម​លេខ​រៀង​ទី​១៩ ខណៈ​ដែល Taylor Swift ស្ថិត​នៅ​លំដាប់​​កំពូល​។ ឆ្នាំ​នេះ​ Taylor Swift បាន​ហោះហើរ​ដោយ​យន្តហោះ​ផ្ទាល់​ខ្លួន​ចំនួន​ ១៧០​ដង​ គិត​ត្រឹម​រយៈ​ពេល​២០០​ថ្ងៃ​ដំបូង​ដើម​​ឆ្នាំ​២០២២។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​តំណាង​របស់​ Taylor Swift បាន​ចេញ​មក​បកស្រាយ​ថា​ យន្តហោះ​របស់​នាង​តែង​តែ​ដាក់​ឱ្យ​ខ្ចី​ជា​ប្រចាំមិន​ថា​ខ្ចី​ឯកជន​ ឬ​ជា​ក្រុម​នោះ​ឡើយ​​ ដូច្នេះ​ហើយ​ការ​ធ្វើ​ដំណើរ​ទាំង​អស់​នោះ​មិន​មែន​សុទ្ធតែ​ជា​របស់​ Taylor ទាំង​ស្រុង​ទេ​​។

បើ​ទោះ​ជា​មាន​ការ​ចេញ​មក​ស្រាយ​បំភ្លឺ​យ៉ាង​ដូច្នេះ​ក្ដី​ប៉ុន្តែ​​អ្នក​លេង​បណ្ដាញ​សង្គម​ Twitter នៅ​តែ​ចេញ​មក​រិះគន់​ ក៏​ដូចជា​ធ្វើ​រូប​គំនូរ​ចំអក​ដល់​នាង​ ហើយ​ចោទ​នាង​ថា​ជា​ឧក្រិដ្ឋជន​បង្ក​ផល​ប៉ះពាល់​ដល់​អាកាសធាតុ៕

ប្រភព៖ msn

Share.