សិល្បៈ​ជាតិ​៖ កម្មវិធី​ប្រកួត​​សម្រស់​លំដាប់​អន្តរជាតិ​ Miss Planet International នឹង​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​​ ប៉ុន្តែ​សន្ទុះ​គាំទ្រ​និង​ការ​ផ្សព្វផ្សាយ​ហាក់​ដូច​ជា​មិន​ទាន់​ផុសផុល​ដូច​វេទិកា​ប្រកួត​សម្រស់​ផ្សេងៗ​នោះ​ទេ​។

ជា​ថ្មី​ម្ដង​ទៀត​ដែល​អ្នក​គាំទ្រ​កម្មវិធី​ Miss Planet International បង្ហាញ​អារម្មណ៍​ព្រួយ​បារម្ភ​ចំពោះ​ជោគ​វាសនា​របស់​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​មួយ​នេះ​ ព្រោះ​នៅ​សល់​ត្រឹម​តែ​១​ខែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​កម្មវិធី​ដ៏​ធំ​អស្ចារ្យ​មួយ​នេះ​ប្រារព្ធ​ឡើង​ហើយ​។

ប៉ុន្តែ​បើ​សង្កេត​ឱ្យ​ស៊ី​ជម្រៅ​នៃ​​សន្ទុះ​គាំទ្រ​ពី​សាធារណជន​ហាក់​ដូចជានៅ​មាន​កម្រិត​ ចំណែក​ឯ​​​ការ​ផ្សព្វផ្សាយ​ក៏​មិន​ទាន់​បាន​ទូលំទូលាយ​ ដែល​ធ្វើ​ឱ្យ​កម្មវិធី​មួយ​នេះ​ហាក់​ដូចជា​ត្រូវ​បាន​ប្រជាជន​កម្ពុជា​មើល​រំលង ​ឬ​នៅ​​មិន​បាន​ដឹង​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​នៅ​ឡើយ​។

ខណៈ​ដែល​បវរកញ្ញា​កម្ពុជា​ជា​ច្រើន​ដួង​កំពុង​តែ​មមាញឹក​ក្នុង​នាម​ជា​បេក្ខនារី​តំណាង​ជាតិ​នៅ​លើ​វេទិការ​អន្តរជាតិ​ធំ​ៗ​ ដូចជា​ Miss Grand , Miss World , Miss Universe នោះ​ បវរកញ្ញា​កម្ពុជា​ដែល​តំណាង​ឱ្យ​កម្ពុជា​ដូច​គ្នា​ហើយ​ប្រកួត​នៅ​លើ​ទឹក​ដី​កំណើត​ទៀត​ ហាក់​ដូចជា​មិន​ត្រូវ​បាន​អ្នក​គាំទ្រ​លើក​ទឹក​ចិត្ត​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កញ្ញា និង​ក្រុម​ការងារ​ពាក់​ព័ន្ធ​នោះ​ឡើយ​។

ពក ស្រីល័ក្ខ Miss Planet Cambodia

ជា​រឿយ​ដែល​កម្មវិធី​ប្រកួត​មួយ​នេះ​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Miss Planet International និង​ផេក​គាំទ្រ​កម្មវិធី​ដូចជា​ MPI-Planet Update ប៉ុន្តែ​សន្ទុះ​គាំទ្រ​នៅ​តែ​ស្ងាត់​និង​មិន​ផុសផុល​ មាន​ចំនួន​ Like, Share និង​ Comment ច្រើន​ឱ្យ​សម​នឹង​កម្មវិធី​ធំ​លំដាប់​អន្តរជាតិ​សោះ​។

​ម្សិលមិញ​នេះ​ (២៦ ធ្នូ) ផេក​ Miss Planet International បង្ហោះ​ចែក​រំលែក​ពី​កាល​បរិច្ឆេទ​ប្រកួត​នៅ​លើ​បណ្ដាញ​សង្គមមាន​គណនី​ត្រឹម​តែ​ 1K ប៉ុណ្ណោះ​ Like ខណៈ​ដែល​ Comment មាន​ជាង​៦០ រី​ឯ​ការ​ចែក​រំលែក​ព័ត៌មាន​បន្ត​មាន​ត្រឹម​តែ​២៣​តែ​ប៉ុណ្ណោះ​។

ត្រយង​សង្ឃឹម​ថា​ពុក​ម៉ែ​បងប្អូន​ ដែល​ជា​អ្នកមាន​ស្មារតី​ជាតិ​និយម​ និង​ងាក​មក​ចាប់​អារម្មណ៍​ ហើយ​គាំទ្រ​កម្មវិធី​ Miss Planet International ហើយ​បាន​ច្រើន​ ជា​ពិសេស​គឺ​ការ​ចូលរួម Like, Comment និង Share ដើម្បី​ជា​ចំណែក​មួយ​ជួយ​ផ្សព្វផ្សាយ​ដល់​កម្មវិធី​ផង​ និង​ជួយ​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​កាន់​តែ​មាន​ការ​រីក​ចំរើន​ និង​អភិវឌ្ឍ​កាន់​តែ​ខ្លាំង​ទៀត​នៅ​ក្នុង​សង្គម​ជាតិ​យើង​។

សូម​បញ្ជាក់​ឡើង​វិញ​ថា​ Miss Planet International នឹង​រៀបចំ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២២៣​ នៅ​សាល​មហោស្រព​កោះពេជ្រ​ ចាប់​ពីវេលា​ម៉ោង​៦​ល្ងាច​តទៅ​៕

Share.